បាតុភូតច័ន្ទគ្រាសមិនពេញលេញមួយនេះ បានមើលឃើញពាសពេញពិភពលោក កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ហើយនៅតំបន់អាស៊ីអាចមើលឃើញនៅយប់នេះ ។
បាតុភូតធម្មជាតិនេះ មើលឃើញច្បាស់ប្រហែលម៉ោង ១០ យប់កាលពីថ្ងៃអង្គារម្សិលមិញនេះ (ម៉ោងសម្រាប់ប្រទេសអង់គ្លេស) ហើយសម្រាប់ប្រទេសមួយចំនួនទៀតដូចជា ប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក ផ្នែកខាងកើតនៃអាមេរិកខាងត្បូង និង ផ្នែកខាងលិចនៃប្រទេសអូស្ត្រាលីក៏អាចមើលឃើញដូចគ្នា ( អាចមើលឃើញនៅយប់ថ្ងៃពុធនេះ) ។
បើតាមវិបសាយ timeanddate.com បានឱ្យដឹងថា បាតុភូតច័ន្ទគ្រាសមិនពេញលេញនេះ អាចមើលឃើញនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃពុធ ទី ១៧ ខែកក្កដានេះ ។
បាតុភូតនេះ នឹងចាប់ផ្ដើមឡើងនៅអំឡុងម៉ោង ១ និង ៤៣ នាទីយប់ (ម៉ោងក្នុងតំបន់ឥណ្ឌូឆៃណា) ហើយបញ្ចប់ទៅវិញ នៅអំឡុងម៉ោង ៥ និង ៣៣ នាទីទាបភ្លឺ (សរុបរយៈពេល ៣ ម៉ោង និង ៥០ នាទី) ។
បាតុភូតច័ន្ទគ្រាសមិនពេញលេញនេះ កើតមានឡើងប្រហែល ៦០ ភាគរយនៃផ្ទៃព្រះច័ន្ទនឹងត្រូវបានបាំងបិទដោយស្រមោលផែនដី ខណៈព្រះអាទិត្យ ភពផែនដី និង ព្រះច័ន្ទរត់លើគន្លងបន្ទាត់ជាមួយគ្នា៕ ប្រជាប្រិយ