ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង
ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងជំនាញរបស់នាយកដ្ឋានភ្លាម កម្លាំងការិយាល័យរបស់លោកបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់កំណត់មុខសញ្ញាពាក់ព័ន្ធបាន និងឈានដល់ការចាប់ខ្លួនតែម្ដង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងទៀតថា ការបើកប្រតិបត្តិការបង្ក្រាបនេះ បន្ទាប់ពីមានករណីលួចរថយន្ដមួយគ្រឿង ដែលបាត់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។
នាយការិយាល័យរូបនេះបានបញ្ជាក់ថា ជនសង្ស័យត្រូវបង្ក្រាបបាននៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំបន្ដ និងឈានទៅដកហូតបានរថយន្ដ ដែលរូបគេបានលួចដែលកំពុងលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
លោកវរេសនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ក្រៅពីការដកហូតបានរថយន្ដដែលរូបគេបានលួចមួយគ្រឿងហើយនោះ សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើម ម៉ាក K54 បង់មួយ និងគ្រាប់៧គ្រាប់ ពីជនសង្ស័យផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ តី សុភ័ក្រ អាយុ៣០ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានលួចរថយន្ដខាងលើ និងប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។
បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែករថយន្ដ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕ នគរបាលជាតិ