ភ្នំពេញ៖ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ពិតខ្លាំង មិនធម្មតាមែន ថ្លើមធំរហូតដល់ ហ៊ាន លាក់បាំងតួលេខ សត្វជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនឲ្យលោកវេង សាខុនដឹងពីចំនួនជ្រូកងាប់ពិតប្រាកដឡើយ ខា្លចថ្នាក់លើស្តីបន្ទោស ពីការអសមត្ថភាព ទប់ស្កាត់ ជ្រូក តាមច្រកព្រំដែន។
តាមសេចក្តីរាយការណ៏ បានឲ្យដឹងថាការលាក់បាំងតួលេខសត្វជ្រូកងាប់នេះ គឺដោយសារតែកុំឲ្យត្រូវមាត់ថ្នាក់លើ និងជាពិសេសខ្លាចអស់បុណ្យស័ក្តិ ពីព្រោះកាលពីដើមសប្តាហ៍កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដកលោក រី ដាវិន ពីប្រធានការិយាល័យសុខភាពសត្វ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។
យោង តាមតួលេខដែលបង្ហាញដោយការិយាល័យកសិកម្មស្រុកអូររាំងឪ បានបង្ហាញថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សត្វជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅស្រុកអូររាំងឪ គឺមានចំនួន ៣៣៧ក្បាល។
ប៉ុន្តែចំនួនតួលេខនេះ ស្រាប់តែត្រូវបានលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចេញមកប្រកាស រាការណ៏ទៅថ្នាក់លើ ថាគិត ចាប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ មកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ គឺតួលេខផ្លូវការសត្វជ្រូកដែលបានងាប់ដោយសារជំងឺប៉េស្តអាហ្រ្វិកមានសរុបចំនួន ៥៨ ក្បាលនៅភូមិសោយ និងភូមិកំពូលសេរី ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងនៅពុំមានព័ត៌មានផ្លូវការណាមួយមានសត្វជ្រូកកើតជំងឺប៉េស្តអាហ្វ្រិកបានងាប់រីករាលដាលទៅកាន់បណ្តាឃុំ ស្រុក ដទៃរបស់ខេត្តនេះនោះទេ។
យោងតាម របាយការណ៍របស់ការិយាល័យកសិកម្មស្រុកអូររាំងឪ បានបង្ហាញទៀតថា ឃុំមៀន មានជ្រូកងាប់ចំនួន ១៨៣ ក្បាល, ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន ៥៨ ក្បាល , ឃុំព្រះធាតុមានជ្រូកងាប់ចំនួន ៦២ក្បាល។
ចំណែកឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់ផងដែរ សរុបជ្រូកងាប់មានចំនួន ៣៣៧ក្បាល។ ចំណែក ឯ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងកាលពីថ្ងៃទី១១ កក្កដា ថា គិតចាប់ពីថ្ងៃផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩មកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩មានសត្វជ្រូកពីរភូមិខាងលើបានងាប់ដោយសារជំងឺនេះសរុបចំនួន ៥៨ក្បាល ប៉ុណ្ណោះ ។
ដោយឡែកការឈឺងាប់នៅបណ្តាឃុំ ស្រុកដទៃផ្សេងទៀតនោះ គឺមិនជាប់ពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ គឺងាប់នឹងជំងឺធម្មតាពោល គឺមិនងាប់ដោយសារការរីករាលដាលចេញពីភូមិទាំងពីរ របស់ស្រុកអូរាំងឪងាប់ដល់ទៅ ៣៣៧ក្បាលនោះទេ។ មានន័យថាតួលេខរបស់ លោកប្រធាន មន្ទីរ និងរបាយការណ៏កូនចៅនៅតាម ស្រុក ខុសគ្នាដាច់ ស្រឡះ ។
ចំពោះករណីខាងលើនេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពិនិត្យមើលករណីនេះផង តើមន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ ធ្វើរបាយការណ៍កុហក ឬមួយក៏ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លាក់បាំងព័ត៍មានអំពីតួលេខ នៃការស្លាប់របស់សត្វជ្រូកដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ហើយកន្លងមក លោករដ្ឋមន្ត្រីធ្លាប់បាន ព្រមានហើយថាបើ ថ្នាក់ដឹកនាំណាមិនអាចទប់ស្កាត់ ការនាំជ្រូកចូលមកកម្ពុជាបានទេលោក និងដកតំណែង ថ្នាក់ដឹកនាំចោលភ្លាមដោយគ្មានការលើកលែងឲ្យឡើយ ។
ប្រជាពលរដ្ឋបាន កំពុងរងចាំមើលថាតើ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ថ្លើមធំរហូតដល់ ហ៊ាន លាក់បាំងតួលេខ សត្វជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនអោយថ្នាក់លើដឹង តើលោក រដ្ឋមន្ត្រី មានចំណាត់ការបែបណា ទៅវិញ?។ ជុំវិញបញ្ហានេះមិនអាចសុំការបំភ្លឺពីលោក ហេង ពិសិដ្ឋ បានទេ ។ ប្រភព៖ PNASIA