ភ្នពេញ ៖ អ្នកប្រកបរបររកស៊ីរត់ឈ្នួលម៉ូតូកង់៣ឥណ្ឌា បានរអ៊ូរទាំ និងអ្នកខ្លះក្ដៅក្រហាយថា ពួកគេបានយកម៉ូតូកង់៣ឥណ្ឌា ទៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើឆៀក (ត្រួតពិនិត្យបរព័ន្ធបញ្ជា និង គុណភាព) ម្ដងៗរាប់ខែ បានគេជូន, ផ្ទុយទៅវិញ បើមានអ្នកណាឱ្យលុយមន្ត្រីពី១០ ទៅ ២០ដុល្លារ គឺធ្វើឆៀកលឿនតែម្ដង ក្នុងរយៈពេលតែ ១០ ទៅ ១៥ថ្ងៃ ប៉ុណ្ណោះរួចរាល់ហើយ។
អ្នកចេញលិខិធ្វើឆៀក គឺមន្ត្រីឈ្មោះ ស៊ូ សូភី ! ឱ មន្ត្រី ស៊ូ សូភី អឺយ … បើឱ្យយ៉ាងៗនេះ គ្នាអ្នកក្រខ្សត់ ឬថា អត់លុយនោះ គឺពិតជាកម្មក្រាសហើយ មិនដឹងថា ពេលណា បានរត់ម៉ូតូកង់៣ស្របច្បាប់នឹងគេទេ? ព្រោះថា ទាល់តែធ្វើឆៀករួចរាល់ត្រឹមត្រូវសិន ទើបមានសិទ្ធិធ្វើស្លាកលេខអាម៉ូតូកង់៣នេះបាន! ចុះបើខាងមន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ យឺតពេលក្នុងការចេញលិខិតឆៀកបែបនេះ តើអ្នករកស៊ីរត់ម៉ូតូកង់៣ ខែណា ឆ្នាំណា ទើបទទួលបានភាពស្របច្បាប់?
ករណីនេះ សូមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មេត្តាពិនិត្យមើលផងចំពោះមន្ត្រីអសកម្មនៅការិយាល័យឆៀក អាជីវកម្ម ផង។ មានបងប្អូនរត់កង់៣ឥណ្ឌា បាននាំគ្នារិះគន់ទៀតថា ធ្វើឆៀកយូរថ្ងៃហើយ អ្នកខ្លះរហូតដល់២ខែហើយ មិនទាន់រួចរាល់ទៀត (ទទួលបានលិខិត) ដោយមន្ត្រីអ្នកចេញឆៀក ស៊ូ សូភី យកឡេសថា ឯកសារច្រើន និងភ្លើងដាច់ញឹកញាប់។
សូមបញ្ជាក់ថា នៅក្នុងសៀវភៅបន្ទុក ការធ្វើឆៀក គឺត្រូវបង់លុយចូលរដ្ឋតែ ៧.០០០រៀលប៉ុណ្ណោះ ប៉ុន្តែអ្នករត់កង់៣ទៅធ្វើឆៀក ត្រូវគេគាបស៊ី តម្រូវឱ្យបង់យ៉ាងតិចពី ២០.០០០រៀល គេថា ថ្លៃសេវា … ចំណែកក្នុងបង្កាន់ដៃ កំណត់តែ ៧០០០រៀលប៉ុណ្ណោះ , អស់២ម៉ឺនរៀលហើយ រយៈ២ខែ មិនទាន់រួចទៀត ! ហាស ហា មន្ត្រី ស៊ូ សូភី ម៉េចចឹង?
អ្នកទៅធ្វើឆៀកម៉ូតូកង់៣ បាននិយាយត្រង់ៗថា បើយើងឱ្យអ្នកគួកជេដែលរង់ចាំនៅមុខមន្ទីរ ធ្វើឱ្យវិញ គឺលឿនហ្មង ! តែត្រូវបង់លុយឱ្យគេ (អ្នកគួកជេ) ពី ១០ដុល្លា ទៅ ២០ដុល្លារ … គឺធ្វើតែ១៥ថ្ងៃទេ រួចរាល់ហើយ ឬលឿនជាងនេះ។ ពួកគាត់ថា មានពេលខ្លះ ចាំធ្វើឆៀក ដាច់បាយដាច់ទឹក ព្រោះត្រូវយកបង្កាន់ដៃ(សលាកបត្រ) ទៅធ្វើស្លាកលេខ ទើបអាចប្រើប្រាសម៉ូតូកង់៣នេះ ស្របច្បាប់បាន, ចុះបើគ្រាន់តែធ្វើឆៀក២ខែ មិនទាន់រួចផង តើកាលណាបានស្របច្បាប់?។
អំពើកេងប្រវ័ញ្ច និងភាពអសកម្ម របស់មន្ត្រីធ្វើឆៀកម៉ូតូកង់៣ខាងលើនេះ សូមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង , និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន មេត្តត្រួតពិនិត្យ លាងជម្រះផង បើមិនចឹងទេ ដាច់បាយអ្នកក្រអស់ហើយ , អស់ទាំងលុយ ខាតទាំងពេលវេលា។
ករណីនេះ iDol Media រង់ចាំការបកស្រាយបំភ្លឺដោយរីករាយ និងសន្យាថា នឹងផ្សាយព័ត៌មានមិនប្រក្រតីខាងលើនេះ ជាបន្តបន្ទាប់ទៀត ព្រោះថា អ្នកទៅធ្វើឆៀក ប្រាប់ថា នៅមានរឿងអាស្រូវច្រើនទៀត…៕ (ផ្សាយពាណិជ្ជកម្ម និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.) ប្រភពidol media