ខ្មែរក្រោមទាមទារឲ្យរដ្ឋាភិបាលយកថ្ងៃ៤មិថុនា ជាបុណ្យជាតិនៃការបាត់បង់ទឹកដីទៅវៀតណាម អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានស្នើជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពិចារណាយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិរំលឹកការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម។
នៅថ្ងៃអង្គារទី៤ ខែមិថុនានេះ គឺខួបលើកទី៧០ឆ្នាំ ដែលអាណាព្យាបាលបារាំងបានផ្ទេរទឹកដីកូសាំងស៊ីន ឬទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យអាណានិគមវៀតណាមកាន់កាប់ និងមើលការខុសត្រូវបន្ដ កាលពីសម័យនោះ បើទោះបីជាគ្មានការយល់ព្រមពីភាគីកម្ពុជាក៏ដោយ។
នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លងដោយមានព្រះសង្ឃចំនួន ១៩៤៩អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ។
តំណាងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ មានមតិនៅក្នុងពិធីព្រឹកនេះថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែទទួលរងការឈឺចាប់ បន្ទាប់ពីការបាត់បង់ទឹកដីនេះ ដោយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ជាដើម បានទទួលរងការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ការកាប់សម្លាប់ ការចាប់ចងដាក់ពន្ធនាគារ និងបំបាត់វប្បធម៌ ភាសា និងសាសនារបស់ពលរដ្ឋខ្មែរក្រោមដែលរស់នៅទីនោះ។
លោក ខឿន វីរ៉ាត់ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំ១៩៤៩ ជាថ្ងៃកាន់ទុក្ខជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ពេលដែលដាក់ចូលបុណ្យជាតិ គឺកំណត់ទីតាំងច្បាស់លាស់ ឲ្យមន្ដ្រីរាជការឈប់ ឲ្យពលរដ្ឋខ្មែរឈប់ ថ្ងៃហ្នឹងជួបជុំគ្នា គឺថ្ងៃកាន់ទុក្ខ រំលឹកខួបដែលបារាំងកាន់ទឹកដីទៅឲ្យយួនគ្រប់គ្រងបន្ដ»។
ថ្លែងក្នុងពិធីនេះផងដែរ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានការសោកស្ដាយ ដោយថា មានមេដឹកនាំខ្មែរមួយចំនួនបែរជាដឹងគុណវៀតណាម ហើយមិនហ៊ានតវ៉ាចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ក្ដីដោយអយុត្ដិធម៌ទៅឲ្យវៀតណាមនៅពេលនោះ។
ម្យ៉ាងទៀត លោកថា មេដឹកនាំកម្ពុជាគួរតែព្យាយាមផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាជាងគិតតែពីអំណាច និងធ្វើឲ្យខាតបង់ផលប្រយោជន៍ទៅប្រទេសជិតខាង។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការទាមទារយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិនោះ គឺមិនអាចទៅរួចនោះទេ និងថា គ្រាន់តែជាការដាក់បន្ទុកលើរដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ។
លោក សុខ ឥសាន អះអាងផងដែរថា ការទាមទារយកទឹកដីកម្ពុជាក្រោមត្រឡប់មកវិញ គឺមិនអាចធ្វើទៅបាននោះទេ ដោយថា បារាំងបានកាត់ទឹកដីទៅឲ្យវៀតណាមរួចទៅហើយ ហើយកម្ពុជាក៏មិនមានសិទ្ធិស្របច្បាប់ ក្នុងការទាមទារយកមកវិញនោះដែរ។
បើទោះបីជាទឹកដីកម្ពុជាក្រោមបានបាត់បង់ និងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមក៏ពិតមែន ប៉ុន្ដែ ពលរដ្ឋខ្មែរនៅទីនោះនៅតែបន្ដទាមទារសិទ្ធិសេរីភាព និងសិទ្ធិមូលដ្ឋានមួយចំនួន ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិ។
បើគិតមកទល់ឆ្នាំ២០១៩នេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធពិធីរំលឹកខួបនេះ ២០ដងរួចមកហើយ ចាប់ពីតាំងពីឆ្នាំ២០០០ មក៕