ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Hidehisa Horinouchi បានថ្លែងក្នុងវីដេអូជាភាសាខ្មែរចំណងជើង «60 Seconds from Ambassador of Japan» បានរៀបរាប់ពីការធ្វើប្រព័ន្ធលូការពារទឹកជំនន់នៅតំបន់វត្តភ្នំនិងទួលគកដំណាក់កាលទី៤ តែលោកក៏សំណូមពរដល់ពលរដ្ឋខ្មែរឲ្យឈប់ចោលសំរាមពាសវាសពាសកាលតាមផ្លូវអត់សណ្តាប់ធ្នាប់តទៀត។
លោកបញ្ជាក់ថា ការចោលសំរាមពាសវាសតាមផ្លូវ ដោយមិនដាក់តាមធុងសំរាមត្រឹមត្រូវ ធ្វើឲ្យសំរាមនោះហូរចូលលូធ្វើឲ្យស្ទះលូ ដែលជប៉ុនបានសាងសង់ការពារទឹកជំនន់ទឹកភ្លៀងសម្រាប់ក្រុងភ្នំពេញ។ ដូច្នេះរាល់សំរាមគ្រប់ប្រភេទត្រូវដាក់តាមធុងសំរាមឲ្យបានត្រឹមត្រូវ។
លោកបន្ថែមថា ការស្ថាបនាប្រព័ន្ធលូការពារទឹកជំនន់នៅភ្នំពេញពិសេសតំបន់វត្តភ្នំនិងទួលគកនេះ នឹងត្រូវប្រើពេលយូរអាចរហូតដល់ឆ្នាំ ២០២១ ទើបរួចរាល់ ហើយអំឡុងពេលនេះត្រូវទាមទារការចូលរួមពីប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះបានសម្រេច ដោយគ្រាន់តែកុំចោលសំរាមពាសវាសពាសកាលតាមផ្លូវប៉ុណ្ណោះ៕