មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្រោយពីតារាសម្តែងរូបរាងតូចច្រឡឹង ស៊ឹម ស្រីនិច បង្ហាញរូបភាពស្រើបស្រាបបែបសិល្បៈប្រមាណជាបួនសន្លឹកជាមួយបុរសសង្ហា សុខ សាន់នី ។ ជាមួយគ្នានេះ ស៊ឹម ស្រីនិច បានបញ្ជាក់ថា បើក្រៅពីលោក សាន់នី នាងក៏មិនហ៊ានទទួលថតឈុតបែបនេះដែរ ។
ការអះអាងរបស់ ស៊ឹម ស្រីនិច បានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការរាប់អានបែបមិត្តភក្តិប៉ុណ្ណោះ ហើយកន្លងមកពួកគេធ្លាប់រួមការងារនៅក្នុងរឿងភាគរបស់ទូរទស្សន៍បុស្តិ៍លេខ ៥ រឿង «កញ្ញាជើងខ្លាំង» ផងដែរ ។ អ្វីដែលកត់សម្គាល់ រូបភាពបែបសិចស៊ីរបស់ ស៊ឹម ស្រីនិច និង សាន់នី ហាក់ទទួលបានការគាំទ្រច្រើនជាងរិះគន់ទៅវិញ ដែលធ្វើឱ្យស្រីស្អាតរូបនេះធូរចិត្តជាខ្លាំង ។
ស៊ឹម ស្រីនិច បន្ថែមថា បើមិនមែនលោក សាន់នី នាងក៏មិនទទួលថតរូបភាពបែបនេះដែរ តែយ៉ាងណានាងសប្បាយចិត្តដោយសារមហាជនហាក់ដូចជាបើកទូលាយសម្រាប់ការទទួលយកនូវរូបភាពសិល្បៈប្លែកៗបែបនេះ ។
សម្រាប់នាងការថតរូបទាំងអស់នេះគឺចង់ឱ្យអ្នកទស្សនាប្លែកអារម្មណ៍នូវស្ទីលថ្មីរបស់នាង និង លោក សាន់នី ប៉ុណ្ណោះ មិនមានបំណងអ្វីលើសពីនោះឡើយ ។ កន្លងមកគេធ្លាប់ឃើញរូបភាពបែបនេះតាមរយៈលោក អេនឌី និង តារាស្រីៗជាច្រើន ប៉ុន្តែកន្លងមកហាក់ទទួលការរិះគន់ច្រើនជាងសរសើរ ៕