ករណីរំលោភសម្លាប់ បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ។ ជាក់ស្តែង កាលពីពេលនេះថ្មីៗនេះ មហាជននៅទូទាំងប្រទេស ពិតជាបានផ្ទុះកំហឹងយ៉ាងខ្លាំក្លាបំផុត ចំពោះករណីរំលោភសម្លាប់ទៅលើបងប្អូន២នាក់ស្រីប្រុស នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។
ទាក់ទឹងករណីដ៏សាហាវឃោរឃៅនេះ មជ្ឈដ្ឋានមហាជនជាច្រើនបានទាមទារឲ្យរដ្ឋាភិបាល ធ្វើការពិចារណាឡើងវិញ ដើម្បីបង្កើតច្បាប់កាត់ទោសប្រហារជិវីតឃាតកររំលោភសម្លាប់ ។ ទោះយ៉ាងណា ក្នុងនោះមហាជនមួយចំនួនពុំបានគាំទ្រការស្នើសុំបង្កើតច្បាប់ប្រហារជីវិតនេះទេ… ។
ជាក់ស្តែង ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុក William Guang របស់ឯកឧត្តម វិល្លាម បានសរសេររៀបពន្យល់លើកហេតុផលយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នករណីរំលោភសេពសន្ថវៈ ករណីរំលោភឈានដល់ឃាតកម្ម ដែលគេហៅថារំលោភសម្លាប់ កំពុងត្រូវបានមហាជននិងបងប្អូនពលរដ្ឋស្អប់ខ្ពេីមយ៉ាងខ្លាំង ខ្ញុំផ្ទាល់ក៏មហាសែនស្អប់ខ្ពេីម ដូចបងប្អូនពលរដ្ឋទាំងអស់ដូចគ្នា ជាពិសេសកំហឹងនៃការខឹងហាក់បីដូចជាបង្ហាញពីអារម្មណ៍ចូលរួមរំលែកនៃសោកនាដកម្មជាមួយគ្រួសារជនរងគ្រោះនិងជនរងគ្រោះដូចគ្នា ។
ជាក់ស្ដែងដោយសារកំហឹងនេះបងប្អូនពលរដ្ឋរបស់យេីងតែងតែទាមទាអោយមានច្បាប់ប្រហារជីវិត ក្នុងលក្ខខ័ណ្ឌនេះប្រសិនជាខ្ញុំយកបេះដូងឬអារម្មណ៍មកនិយាយច្បាស់ណាស់ខ្ញុំប្រាកដជាគាំទ្រ ! តែប្រសិនជាខ្ញុំយកការពិចារណាបូករួមបទពិសោធន៍ហេីយឈរលេីមូលដ្ឋានច្បាប់មកនិយាយ គឺខ្ញុំមិនគាំទ្រទេចំពោះការបង្កេីតទោសប្រហារជីវិត ។
ព្រោះថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការប្រហារជីវិតវាផ្ទុយនឹងគោលការណ៍មេត្តាធម៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហេីយការបង្កេីតទោសប្រហារជីវិតគឺប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិផងដែរ អ្វីកាន់តែពិសេសបេីមានការបង្កេីតច្បាប់នោះមែន យេីងបារម្ភបំផុតគឺការសម្លាប់មនុស្សច្រឡំដោយការកាត់ក្ដី ដែលជាក់ស្ដែង
កន្លងមកបងប្អូនសុទ្ធតែបានដឹងពីស្តង់ដានៃការអនុវត្តន៍ច្បាប់របស់របស់មន្ត្រីយេីងស្រាប់ទៅហេីយ ជាពិសេសគឺ ភាពយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ យេីងមិនអាចធានាបានថាតេីវានិងសុក្រឹត្យមិនសម្លាប់មនុស្សច្រឡំដែរឬទេ? ហេីយយេីងបារម្ភបំផុតគឺការប្រេីច្បាប់នេះដេីម្បីលាបពណ៌ដៃគូបក្សដិបក្សណាមួយដេីម្បីទំលាក់កំហុសឈានដល់សម្លាប់ជីវិតគេ ព្រោះជីវិតបេីស្លាប់ហេីយពុំអាចវិលវិញនោះឡេីយ ។
ត្រឹមករណីមន្ត្រីស័ក្តិ៣ យក IPad . ករណីមន្ត្រីប៉ូលីសជិះឡានដេញបាញ់គេ និងករណីរាប់រយទៀតដែលបងប្អូនធ្លាប់បានរិះគន់ យេីងទទួលអារម្មណ៍ថាការអនុវត្តន៍ច្បាប់របស់មន្ត្រីថ្នាក់ក្រោមជាតិ មានលក្ខណៈមិនសុក្រឹត្យមិនអាចទទួលយកបានទៅហេីយ ចុះទម្រាំការអនុវត្តន៍ច្បាប់រហូតពាក់ព័ន្ធនឹងវាសនាអាយុជីវិតមនុស្សតេីអាចជឿជាក់បាន១០០ភាគរយទេ ។
យ៉ាងណាមិញកម្ពុជាយេីងមានច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៣៩ បទរំលោភសេពសន្ថវៈដេីម្បីដាក់ទោស , ប្រសិនជាករណីរំលោភសម្លាប់ទៀត គឺជនប្រព្រឹត្តនឹងប្រឈមបទ ឃាតកម្ម ឬ បទឃាតកម្មគិតទុកជាមុន ប្រសិនជនល្មេីសប៉ងរំលោភហេីយសម្លាប់ចោល សម្រា់ប់ដាក់ទោសពីលេី ។
ហេីយខ្ញុំបាទក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រៀមនឹងរកមូលដ្ឋានក្នុងការផ្ដល់យោបល់ជូនរដ្ឋាភិបាលពិនិត្យបន្ថែម ចំពោះការបន្ថែមទំងន់ ទោសលេីបទ រំលោភសេពសន្ថវៈនេះ ដេីម្បីដាក់ទោសអោយធ្ងន់បន្ថែមទៀត។» ប្រភព ksn