យុវជនម្នាក់បានផ្តើមចេញពីដើមទុនជាង ១ ម៉ឺនដុល្លារ ដែលបានមកពីកាសន្សំទុកពីការធ្វើការនៅ ប្រទេស អ៊ីស្រាអែល យុវជន យិត ធារ៉ូ មិនទុកលុយនោះឱ្យនៅទំនេរនោះទេ ដោយគេបានយកលុយនោះ មកបើកជាកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ដើម្បីបង្កើតការងារដល់កសិករក្នុងតំបន់ និង បង្កើតចំណូល សម្រាប់ខ្លួនឯងផងដែរ ។
យុវជន យិត ធារ៉ូ បានឱ្យដឹងថា “មានអ្នករកស៊ីកាន់តែច្រើន បង្កើតកាងារបានកាន់តែច្រើន ខ្ញុំជាបញ្ញវ័ន្តម្នាក់ ខ្ញុំមិនចង់រស់នៅយករួចខ្លួនតែឯងនោះទេ ខ្ញុំចង់បង្កើតកាងារឱ្យប្រជាជនខ្ញុំ មានចំណូលប្រចាំថ្ងៃ ព្រោះពួកគាត់សព្វថ្ងៃមិនសូវមានការងារធ្វើនោះទេ” ។
យុវជន យិត ធារ៉ូ អតីតជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញពេទ្យ សត្វ និង ជាអតីតនិស្សិតបញ្ជប់ការសិក្សាមកពីប្រទេសអីស្រាអែល ហើយសព្វថ្ងៃនេះលោកជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅភូមិ ព្រៃលៀប ឃុំ ព្រៃអំពក ស្រុក គិរីវង់ ខេត្ត តាកែវ ។
បន្ទាប់ពីត្រឡប់មកពីប្រទេសអីស្រាអែលវិញ ដោយសារស្រលាញ់ការរកស៊ីពេកយុវជន យិត ធារ៉ូ បាន តាំងចិត្តថា មិនធ្វើការឱ្យគេដាច់ខាតគឺត្រូវតែចេញរកស៊ី ដើម្បីមានម្ចាស់ការលើខ្លួនឯង ។ ជាមួយដើមទុនមួយចំនួនពីការធ្វើការនៅប្រទេសអីស្រាអែល និង ដើមទុនមួយចំនួនទៀតពីក្រុមគ្រួសារ លោកក៏សម្រចចិត្តបើកកសិដ្ឋានចិញ្ជឹមគោយកសាច់មួយកន្លែង ដែលចំណាយដើមទុនអស់ប្រមាណជា ២ ម៉ឺនដុល្លារអាមេរិក ។
អតីតនិស្សិតពេទ្យសត្វរូបនេះបានបង្ហើបថា ជំហានដំបូងបំផុតគឺយើងចាប់ផ្តើមចិញ្ជឹមគោយកសាច់ ដោយក្នុងនោះយើងបានដាក់គោសាច់ជិត ២០ ក្បាល ក្នុងការចិញ្ជឹមជំហានដំបូង ដោយយើងយកគោ ទាំងនោះមកថែទាំនៅក្នុងកសិដ្ឋានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ពេលដែលគោពេញសាច់អាចត្រូវ ប៉ាន់ជាមួយទីផ្សារ យើងនឹងលក់ចេញហើយបន្តនាំចូលគោពីអ្នកភូមិបន្ថែមទៀតដើម្បីយកមកថែទាំនៅ ក្នុងកសិដ្ឋាន សម្រាប់តម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ ហើយពេលនេះសាច់គោរបស់យើងកំពុង ត្រៀមលក់ចេញពីកសិដ្ឋានបណ្តើរៗហើយ ។
យុវជនកូនអ្នកខេត្តតាកែវទឹកដីគោកធ្លក រូបនេះបានបង្ហាញជំហរសុទិដ្ឋិនិយមថា នឹង ពង្រីកការចិញ្ជឹម គោយកសាច់ឱ្យបាន ១០០ ក្បាលនៅក្នុងកសិដ្ឋាន ហើយនៅឆ្នាំបន្តបន្ទាប់នឹងបង្កើនការផលិតដោយ ក្នុងនោះសង្ឃឹមថា នឹងមានរោងចក្រវេចខ្ចប់សាច់គោគុណភាពខ្ពស់ និង ផលិតចំណីគោតម្លៃថោក សម្រាប់អ្នកចិញ្ចឹមគោដទៃទៀត ។
ដូច្នេះសង្ឃឹមថា ប្រជាជនក្នុងតំបន់មួយនេះនឹងមានការងារធ្វើគ្រប់ៗគ្នាជាជាងការចាយពលកម្មចំណាកស្រុកធ្វើការនៅក្រៅប្រទេស ។ បើចង់ទំនាក់ទំនងម្ចាស់កសិដ្ឋានដោយផ្ទាល់គឺទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៨៦៧ ៤២៧ ៕