ភ្នំពេញ ៖ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យមានការស្រាវជ្រាវលើករណីនេះភ្លាមៗ ទៅលើ លោក ពេជ្រ ចិន្តា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីម ទទួលបានបណ្តឹងរបស់ពលរដ្ឋដែលកើតទុក្ខពុំសុខចិត្ត ដោយ ចោទប្រកាន់ថាលោក ពេជ្រ ចិន្តា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ កាត់ក្តីដោយអយុត្តិធម៌នោះ ។នេះបើយោងតាមការបញ្ជាក់ លោក គីម សន្តិសភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ករណី ប្តឹងចៅក្រមនេះ ផ្ដើមចេញពីរឿងរត់ការបើកដំណើរការរកស៊ីការដ្ឋានខ្សាច់ ហើយភាគីម្ចាស់ការដ្ឋានលោកសុខ វាសនា បានពឹងឲ្យមនុស្សពីរនាក់ដែលទុកចិត្តគ្នាបំផុតគឺលោក ម៉ែន សុផុន និងលោករស់ ចិន្ដា ជាអ្នករត់ការសុំអាជ្ញាប័ណ្ណបើកការដ្ឋានខ្សាច់ថែមទាំងផ្ដល់លុយជាង២ម៉ឺនដុល្លារឲ្យទៀតផង ។
ប៉ុន្ដែរត់ការជាច្រើនខែនិងឈានដល់កាន់ឆ្នាំទៅហើយក៏តែរត់មិនចេញសាច់ការអីសោះ ទើបលោក សុខ វាសនាសម្រេចរត់ការខ្លួនឯងបានចេញជាលទ្ធផលបើកការរកស៊ីបាន បែរជាភាគីលោក ម៉ែន សុផុន និងលោក រស់ ចិន្ដាប្ដឹង លោកសុខ វាសនា ទាមទារឲ្យគោរពតាមកិច្ចសន្យាចាស់ដែលបានព្រមព្រៀងផ្ដល់លុយក្នុង១ខែៗ៥ពាន់ដុល្លាររហូតដល់គ្រប់ចំនួនលុយ១៥មឺនដុល្លារនោះទៅវិញ ទើបមានការប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តកំពង់ស្ពឺតែម្ដង ។
លោក ពេជ្រ ចិន្តា ចៅក្រមនៃសាលាដំបូង ខេត្តកំពង់ស្ពឺបាន កាត់ក្តី ឲ្យលោកសុខ វាសនា សងបង់ទៅលោកម៉ែន សុផុន និង លោករស់ ចិន្ដា តាមកិច្ចសន្យាចាស់ ខណៈដែលលោកទាំងពីរនាក់នេះរត់ការមិនចេញលទ្ធផលអីសោះនោះ ។
ដោយមានការកើតទុក្ខមិនសុខចិត្តទើបភាគីលោក សុខ វាសនា សម្រេចដាកើពាក្យបណ្ដឹងចូលទៅ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឲ្យលោករដ្ឋមន្ដ្រីជួយផ្ដល់យុត្តិធម៌ឡើងវិញ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាមលោករដ្ឋមន្ដ្រីក៏ បានបញ្ជា ឲ្យមានការសិក្សាស្រាវជ្រាវ លើករណីនេះឡើងវិញភ្លាមៗផងដែរ ។
លោក គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានប្រាប់ កាសែតក្នុងស្រុក នៅរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ថា ករណីពលរដ្ឋប្តឹងលោក ពេជ្រ ចិន្តា ចៅក្រម នៃសាលាដំបូង ខេត្តកំពង់ស្ពឺ ទៅឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ពាក់ព័ន្ធភាពមិនប្រក្រតី នៃការ ដំណើរ ការនីតិវិធី ក្នុងសំណុំរឿង រដ្ឋប្បវេណី លេខ៦១១ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នោះ បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាល ស្រាវជ្រាវ។
ការស្រាវជ្រាវនេះ ធ្វើឡើង តាមបញ្ជា របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ។ យោង តាម ពាក្យ បណ្តឹង របស់ពលរដ្ឋ ដែលផ្ញើជូន ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បានរៀបរាប់ថា លោក ពេជ្រ ចិន្តា ចៅក្រមសាលាដំបូង ខេត្តកំពង់ស្ពឺ បានកាត់ក្តីក្នុងសុំណុំរដ្ឋប្បវេណីលេខ៦១១ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ជារឿងអយុត្តិធម៌ បំផុតគ្មានពីរ។
នៅក្នុងបណ្ដឹងនោះបានរៀបរាប់ ដោយសង្ខេបថា កន្លងមក លោក សុខ វាសនា ពិតជាបានធ្វើ កិច្ចព្រមព្រៀង ( មិនមែនកិច្ចសន្យាទេ) ជាមួយលោក រស់ ចិន្តា តាមរយៈលោក ម៉ែន សុផុន ក្នុងរឿងរត់ការធ្វើអាជ្ញាប័ណ្ណការដ្ឋាន ខ្សាច់មែន ប៉ុន្តែកិច្ចព្រមព្រៀង នោះ បានកំណត់ថា លុះ ត្រាតែលោក ម៉ែន សុផុន រត់ការធ្វើអាជ្ញាប័ណ្ណរួចរាល់ ជាស្ថាពរ ទើប លោក សុខ វាសនា ផ្តល់ប្រាក់ ដែលទទួលផលលាភ ពីអាជីវកម្មខ្សាច់ ឲ្យទៅ លោក ម៉ែន សុផុន និងលោក រស់ ចិន្តា ដោយក្នុងមួយខែៗ ចំនួន ៥០០០ដុល្លារ រហូតគ្រប់ចំនួន ១៥០,០០០ដុល្លារ (ដប់ប្រាំម៉ឺនដុល្លា) ទើប ឈប់បង់ តាមកិច្ចព្រមព្រៀង។
ប៉ុន្តែលោក ម៉ែន សុផុន បានយកលុយពីលោក សុខ វាសនា ជាង ២ម៉ឺនដុល្លារ ទៅរត់ការធ្វើ អាជ្ញាប័ណ្ណ មិនបានសម្រេច តាមកាលកំណត់ ឡើយ រហូតទុក ពេលជាង មួយឆ្នាំ ក៏នៅតែរត់ការមិន បានទៀត ដូច្នេះទើបលោក សុខ វាសនា បានពឹងពាក់មនុស្សផ្សេង ឲ្យរត់ការធ្វើអាជ្ញាប័ណ្ណច្បាប់ ដោយ ដាក់ ឈ្មោះ ក្រុហ៊ុន សុខ វាសនា អ៊ីនផត អ៊ិចផត បូមខ្សាច់សព្វថ្ងៃ ដោយមិន បានយក ឈ្មោះ ឬស្លាកយីហោ របស់អ្នក ណាមក ប្រើនោះ ទេ។ លោក សុខ វាសនា សុខចិត្តបោះបង់លុយ ដែលលោក ម៉ែន សុផុន យកទៅរត់ការ នោះ ទាំងអស់ចោល ដោយចាត់ទុក គាត់ ចាញ់ បោកគេ ទៅចុះ។
ក្រោយពី ក្រុមហ៊ុន របស់ លោក សុខ វាសនា បានរត់ច្បាប់ ដំណើរ ការរកស៊ី ស្រាប់តែលោក រស់ ចិន្តា និងលោក ម៉ែន សុផុន បានយកលិខិតកិច្ចព្រមព្រៀង ដែលពួកគេអនុវត្តរត់ការមិនបាននោះ ទៅប្តឹងលោក សុខ វាសនា ដើម្បីទាមទារលុយតាមកិច្ចសន្យាចាស់ទៅវិញ ។ ចៅក្រម ពេជ្រ ចិន្តា កាត់ក្តី ដោយមិនសិក្សា លិខិតកិច្ចព្រមព្រៀង មិនដែលនៅសុខៗ គេរកស៊ីយកលុយ មកបង់ឲ្យខ្លួនមួយខែៗ ៥០០០ដុល្លារ? ដោយគ្មានដាក់ហ៊ុនមួយ កាក់ មួយ សេន នោះ ទេ។
តើលោកលើក យកអង្គហេតុណា មកពិចារណាកាត់ក្តីឲ្យ លោក សុខ វាសនា សងប្រាក់មួយខែៗ ៥០០០ដុល្លារ បើកិច្ចព្រមព្រៀង លុះត្រាតែ លោក ម៉ែន សុផុន និងលោក រស់ ចិន្ដា រត់ការសុំអាជ្ញាប័ណ្ណ បានពីក្រសួងឲ្យក្រុមហ៊ុន ប៉ុន្តែជាក់ស្តែង លោកទាំងពីរនេះរត់ការមិនចេញផងនឹង តើមូលហេតុអីត្រូវគេឲ្យលុយតាមកិច្ចព្រមព្រៀងនោះ ។
សូមជម្រាបជូនថា ពាក្យបណ្តឹង ដាក់ជូនឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីលោកចៅក្រម ពេជ្រ ចិន្ដា កាលពីពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បានប្រកាសសាលក្រម ឲ្យភា គីឈ្មោះ សុខ វាសនា ជាចុងចម្លើយចាញ់ក្តី និងត្រូវតម្រូវឲ្យសងប្រាក់ ទៅភាគីដើមបណ្តឹង ឈ្មោះ រស់ ចិន្ដា និងឈ្មោះ ម៉ែន សុផុន តាមកិច្ចព្រមព្រៀង។
ពាក់ព័ន្ធករណីនេះ លោកចៅក្រម ពេជ្រ ចិន្ដា បានប្រាប់កាសែតក្នុងស្រុក នារសៀលនេះ ថា «សូមអភ័យទោសផង ដែល ខ្ញុំមិនអាចឆ្លើយបញ្ជាក់ជូនលោកបាន ព្រោះខុសនឹងវិជ្ជាជីវៈចៅក្រម តែអ្វីមាននៅក្នុសាលក្រម រួចហើយ។ ម្យ៉ាងទៀត បើភាគីណា មិនសុខចិត្តទៅនឹងការសម្រេច អាច ប្តឹងឧទ្ធរណ៍»៕