តូក្យូ៖ធនាគារ ANZ Royal នឹងប្តូរឈ្មោះទៅជាធនាគារ ចេត្រាស់ធ៍ រ៉ូយ៉ាល់ (J Trust Royal Bank) វិញ ។ ចំណែកឡូហ្គោរបស់ធនាគារ ក៏ត្រូវផ្លាស់ប្ដូរផងដែរ នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
នេះបើតាមបញ្ជាក់របស់លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារជប៉ុន ចេត្រាស់ធ៍ (J Trust Bank) ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី ថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រធានធនាគាររូបនេះ បានបញ្ជាក់ថា កន្លងមកនេះលោកបានទិញភាគហ៊ុនរបស់ធនាគារ ANZ Royal ហើយលោកនឹងធ្វើការសហការការងារជាមួយក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េងបន្តទៀត ពិសេសនឹងផ្តល់ប្រាក់កម្ចី ឬ ឥណទានទៅក្រុមហ៊ុនខ្មែរថែមទៀតផង។
សូមរំលឹកថា បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Group នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ធនាគារជប៉ុន JTrust បានធ្វើកិច្ចព្រមព្រៀងជាផ្លូវការ ទិញភាគហ៊ុនចំនួន ៥៥% របស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្រ្ដាលី ហើយភាគហ៊ុន ចំនួន ៤៥% ទៀតជាជាកម្មសិទ្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
គួរកត់សម្គាល់ផងដែរថា JTrust ជាធនាគារជប៉ុន ដែលមានអាយុកាលជាង ៤០ឆ្នាំមកហើយ។ ធនាគារនេះ មានប្រតិបត្តិការ នៅតំបន់អាស៊ី ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងថៃ ជាដើម៕ ប្រភព cpc-news