បុរសម្នាក់នេះមានវាសនាអភ័ព្វខុសគេ ទើបនឹងរៀបការប្រពន្ធវ័យក្មេងខ្ចីថ្មោងថ្មី ផ្សំដំណេកមិនទាន់បាន១០ថ្ងៃផង ស្រាប់តែប្រពន្ធបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង និងគ្មានជម្លោះអ្វីនឹងគ្នាសោះ
ជាហេតុធ្វើឱ្យបុរសជាប្តីដែលកំពុងមានចិត្តស្រលាញ់ប្រពន្ធពេញបេះដូង ភ័យឆោឡោកាន់រូបថតតាមរកប្រពន្ធគ្រប់ច្រកល្ហក តែមិនទទួលបានដំណឹងអ្វីទាំងអស់ ទើបសម្រេចរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកប្រពន្ធត្រឡប់មកផ្ទះវិញ។
ករណីប្រពន្ធទើបនឹងរៀបការថ្មោងថ្មីបាត់ខ្លួន ធ្វើឱ្យបុរសជាប្តីភ័យកាន់រូបថតមកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រញូងសែនជ័យ ស្រុកស្នួល។ បុរសអភ័ព្វស្នេហ៍រូបនេះ មានឈ្មោះហេង ចាន់អេង អាយុ២៨ឆ្នាំ សព្វថ្ងៃមានលំនៅ
ក្នុងភូមិជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ ស្រុកស្នួល។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះណាក់ ហ៊ាង អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។
ប្តីប្រពន្ធថ្មោងថ្មីនេះ ទើបនឹងរៀបការនឹងគ្នា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះទេ។ តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា រូបគេនិងប្រពន្ធគឺមានលំនៅក្បែរខាងគ្នា ហើយការសម្រេចចិត្តយកគ្នាជាប្តីប្រពន្ធនេះ គឺផ្តើមចេញពីការស្ម័គ្រចិត្តទាំងសងខាង មិនមានចាស់ទុំណាបង្ខំនោះទេ
ដោយពួកគេបានរៀបការនឹងគ្នាយ៉ាងអធិកអធម កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៨។ តាំងពីរៀបការរួច ប្តីប្រពន្ធគេរស់នៅចុះសម្រុងនឹងគ្នាល្អណាស់ មិនធ្លាប់មានបញ្ហាជម្លោះទាស់ទែងខ្វែងគំនិតគ្នាអ្វីទេ។
ប៉ុន្តែថ្ងៃមួយ ក្រោយរៀបការប្រពន្ធបានសុំរូបគេជាប្តីថា ទៅលេងផ្ទះមិត្តភក្កិស្រីដែលធ្លាប់រាប់អានគ្នានៅខេត្តកំពង់ឆ្នាំង តែខ្លួនមិនអនុញ្ញាត ព្រោះទើបនឹងរៀបការថ្មោងថ្មី មិនចង់ឱ្យប្រពន្ធដើរឆ្ងាយ ស្រាប់តែពេលនោះប្រពន្ធបានបោះសម្តីមកខ្លួនជាប្តីវិញថា “គង់តែមានថ្ងៃរត់ចោលទេ”។
យ៉ាងណា រូបគេក៏មិនចាប់អារម្មណ៍នឹងសម្តីប្រពន្ធដែរ ព្រោះនឹកគិតថាប្រពន្ធគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ បុរសជាប្តីបន្តថា ក្រោយពីរៀបការរួច ផ្សំដំណេកបានរយៈពេល៧ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ប្រពន្ធរបស់គេបានឱ្យក្មួយឌុបម៉ូតូទៅកក់សក់នៅហាងកក់សក់មួយកន្លែង នៅផ្សារកាបី ហើយក៏បាត់មិនខ្លួនរហូត ឃើញមកផ្ទះវិញតាំងពីថ្ងៃនោះមក
រហូតមកទល់ពេលនេះនៅមិនទាន់មានដំណឹងអ្វីសូម្បីបន្តិច។ នៅពេលប្រពន្ធបាត់ខ្លួនភ្លាមៗ ខ្លួនបានទៅសួរនៅហាងកក់សក់ដែរ តែម្ចាស់ហាងនោះបាន ឆ្លើយប្រាប់ថា ប្រពន្ធរបស់ខ្លួនបានមកកក់សក់យ៉ាងប្រញាប់ប្រញាល់ រួចក៏ឡើងឡានទៅបាត់ ដោយមិនដឹងថា ទៅជាមួយអ្នកណា និងមានគោលដៅទៅណានោះទេ។
តាំងពីថ្ងៃដែលប្រពន្ធបាត់ខ្លួនមក ខ្លួនជាប្តី រួមនឹងសាច់ញាតិខាងប្រពន្ធ បនាតាមស្វែងរកប្រពន្ធសព្វកន្លែង តែហាក់មិនទទួលបានលទ្ធផលអ្វីទាំងអស់។ ដោយសារតែតាមរកប្រពន្ធសព្វទីកន្លែង និងមិនទទួលបានដំណឹងអ្វីសូម្បីបន្តិច ទើបបុរសជាប្តី រួមនឹងឪពុកម្តាយក្មេក បានសម្រេចនាំគ្នាមកដាក់ពាក្យបណ្តឹង
សុំអន្តរាគមន៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញូងសែនជ័យ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកប្រពន្ធ និងកូនស្រីត្រឡប់មកផ្ទះវិញ។ លោកអនុសេនីយ៍ឯក កែវ វ៉ាត នាយប៉ុស្តិ៍នគរបាលក្រញូងសែនជ័យ បានបញ្ជាក់ប្រាប់ថា
ក្រោយការសួរនាំលើបុរសជាប្តី ក៏ដូចជាអាណាព្យាបាលទាំងសងខាង គឺប្តីប្រពន្ធពីរនាក់នេះមិនធ្លាប់មានទំនាស់នឹងគ្នានោះទេ ហើយសមត្ថកិច្ចក៏មិនទាន់កំណត់ថា ការចេញបាត់ពីផ្ទះរបស់ស្ត្រីជាប្រពន្ឋនេះ ថាផ្តើមដោយមូលហេតុអ្វីដែរ តែយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ។
ក្រោយពីប្រពន្ធបានបាត់ខ្លួនពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនមានមូលហេតុច្បាស់បែបនេះ បានធ្វើឱ្យអ្នកភូមិនាំគ្នាហៅបុរសជាប្តីថា ជាបុរសអភ័ព្វស្នេហ៍ ព្រោះតែទើបតែរៀបការប្រពន្ធក្មេងបានមិនទាន់១០ថ្ងៃផង ក៏ត្រូវប្រពន្ធរត់ចោលបាត់ ដោយមិនដឹងទៅណាឱ្យពិតប្រាកដ ធ្វើឱ្យបុរសជាប្តីដែលទើបនឹងស្គាល់រាត្រីផ្សំដំណេកបាន៧ថ្ងៃ ត្រូវដេកឱបខ្នើយទន្ទឹងចាំផ្លូវប្រពន្ធត្រឡប់មកវិញ ។ ប្រភពdara360