នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល កុំឲ្យស្តីបន្ទោសរដ្ឋាភិបាលរបស់លោកប្រសិនក្មេងញៀនថ្នាំ ដោយលោកថា គួរតែបន្ទោសខ្លួនឯងវិញ ព្រោះមើលកូនខ្លួនឯងមិនបាន ទើបបណ្តាលឲ្យពួកគេភ្លើតភ្លើន និងញៀនគ្រឿងញៀន។
ថ្លែងក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី១៥៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា បញ្ហាអ្នកញៀនគ្រឿងញៀននៅក្នុងប្រទេសបច្ចុប្បន្ន កំពុងក្លាយជាគ្រឿងរំខានដល់គ្រួសារ និងសង្គមកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកផ្ទេរថវិកាមួយចំនួនពីការអភិវឌ្ឍជាតិ ដើម្បីទប់ស្កាត់និងព្យាបាលក្រុមអ្នកញៀនថ្នាំទាំងនោះវិញ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ពលរដ្ឋគ្រប់រូប កុំបន្ទោសរដ្ឋាភិបាលលោក ប្រសិនជាកូនចៅ ឬបងប្អូនរបស់ខ្លួន ធ្លាក់ខ្លួនជក់គ្រឿងញៀន ដោយលោកថាករណីនេះ គួរតែបន្ទោសខ្លួនវិញ ព្រោះមិនបានមើលកូនចៅខ្លួនឯងឲ្យបានដិតដល់។
លោកថា៖ «មាតាបិតា គួរតែពិនិត្យមើល ហើយក៏សុំការយោគយល់ កុំស្អីឡើងបន្ទោសការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ យើងតាំងជាសំណួរយ៉ាងដូច្នេះវិញ ទើបត្រឹមត្រូវថា ខ្លួនយើងអប់រំកូនយើងតែបីនាក់អប់រំមិនបានផង ខ្លះឲ្យដើរលេងផ្តេសផ្តាស កាប់ចាក់បង្ហោះម៉ូតូ បងតូចបងធំ ជក់គ្រឿងញៀន ខ្លះទៀតក៏ល្អទៀត ខ្លះក្លាយជាស្រីរកស៊ីផ្លូវភេទ។ យើងមានកូនត្រឹមបីនាក់យើងលំបាកប៉ុណ្ណេះ ហើយមកស្តីបន្ទោសឲ្យរដ្ឋាភិបាល ដែលគ្រប់គ្រងប្រជាពលរដ្ឋរហូតដល់១៥លាននាក់។ វាមិនមែនជាការសមរម្យនោះទេ! គួរស្តីបន្ទោសខ្លួនឯង ដែលខ្វះការទទួលខុសត្រូវនូវការអប់រំកូនចៅ»។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ជាការលើកឡើងតែមួយផ្នែកតែប៉ុណ្ណោះ។ លោកថា ពិតណាស់គ្រួសារជាអ្នកមានទំនួលខុសត្រូវចំពោះសមាជិកគ្រួសារខ្លួន តែលោកថា កំសោយនៃការទប់ស្កាត់គ្រឿងញៀនរបស់រដ្ឋាភិបាល និងខ្វះទំនាក់ទំនងរវាងសាលាជាមួយគ្រួសារ គឺជាកំហុសដ៏ធ្ងន់នៃបញ្ហាញៀនគ្រឿងញៀននៅកម្ពុជានេះ។
លោកថា៖ «ប៉ុន្តែសួរថា រដ្ឋាភិបាលត្រូវតែរួចផុតពីការទទួលខុសត្រូវនោះទេ មិនអាចរួចផុតពីការទទួលខុសត្រូវនោះទេបាទ ពីព្រោះកាតព្វកិច្ចនៃការបង្ក្រាប នៃឈ្មួញជួញដូរពួកជួញដូរអស់ទាំងហ្នឹង ប្រជាពលរដ្ឋគ្នាអត់មានសមត្ថកិច្ចអីទេបាទ គាត់គ្រាន់តែជាអ្នករាយការណ៍ជូនសមត្ថកិច្ចតែប៉ុហ្នឹងទេ តែអ្នកដែលអនុវត្តន៍ជាក់ស្តែងហ្នឹង គឺសមត្ថកិច្ចរដ្ឋាភិបាល ហើយអ្នកទទួលខុសត្រូវមួយទៀត គឺកាត្វកិច្ចមួយទៀតគឺសាលាៗហ្នឹងគឺ ត្រូវមានទំនាក់ទំនងរាយការណ៍ទៅកាន់អាណាព្យាបាលដែរ ប្រសិនជាឃើញថាកូនហ្នឹងអត់ ទៅសាលាអត់ទៅអីនោះ ប៉ុន្តែយើងឃើញថាកន្លងមកទំនាក់ទំនងរវាងសាលាហ្នឹងគ្រួសារវិញ គឺឃើញថាហាក់បានឃ្លាតឆ្ងាយពីគ្នា»។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១របស់ខ្លួន ចាប់ពីដើមឆ្នាំ២០១៧នេះ ដោយតែងតាំងឧបកនាយករដ្ឋមន្ត្រី លោក ស ខេង និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវលើរឿងនេះ។ ហើយរដ្ឋាភិបាល តែងតែអះអាង បញ្ហាគ្រឿងញៀន ត្រូវបានបង្ក្រាបជារៀងរាល់ថ្ងៃ។
ទាក់ទងនឹងការយុទ្ធនាការនេះ លោក យឹម គិមអេង មើលឃើញថា បានជោគជ័យមួយចំនួនប៉ុណ្ណោះ លោកថាអ្វីដែលមិនទាន់អាចធ្វើឲ្យពលរដ្ឋពេញចិត្ត និងទុកចិត្តបាននោះដោយសារតែយុទ្ធនាការនេះ ហាក់បង្ក្រាបបានតែអ្នកជួញដូរគ្រឿងញៀនតូចៗប៉ុណ្ណោះ ខណៈដែលមេឈ្មួញជួញដូរធំមិនទាន់ត្រូវបានសមត្ថកិច្ចចាប់បាននៅឡើយទេ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅមានអ្នកប្រើប្រាស់គ្រឿងញៀនជាង២ម៉ឺននាក់កើនលើសឆ្នាំមុន(២០១៥)ជាង២៤% ភាគច្រើន មានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ហើយជិតពាក់កណ្តាលនៃអ្នកញៀនទាំងនោះនៅមិនទាន់ទៅទទួលសេវាព្យាបាលនៅឡើយ ។
បើតាមអាជ្ញាធរ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននេះ បណ្តាលមកពីការ ហូរចូលច្រើនតាមច្រកភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា គឺចេញពីតំបន់ត្រីកោណមាស (ថៃ ឡាវ ភូមា)៕VOD