“ការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺជាការរីកចម្រើនរបស់ប្រទេសវៀតណាមដែរ”។ នេះជាការលើកឡើងរបស់លោក Tran Quoc Vuong គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។
លោក Tran Quoc Vuong បាននិយាយដូចខាងលើនៅក្នុងជំនួបជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា កាលពីម្សិលមិញនេះនៅប្រទេសវៀតណាម។ មន្ត្រីវៀតណាមខាងលើក៏បានសរសើរចំពោះការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា ហើយលោកក៏រីករាយពេលឃើញកម្ពុជានិងវៀតណាម មានទំនាក់ទំនងគ្នាល្អដូចបច្ចុប្បន្ន។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេច ហេង សំរិន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការបាត់បង់អ្នកដឹកនាំមួយរូបដ៏ឆ្នើមរបស់ខ្លួន គឺលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម។
សម្តេចបានគូសបញ្ជាក់ថា ការបាត់បង់រូប លោក ឡេ ឌឹកអាញ់ គឺជាការបាត់បង់មិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលនានា ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមំាថា ក្រោមការដឹកនាំរបស់ បក្សកុំម្មុយនីស្តវៀតណាម ប្រទេសនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសវៀតណាម ឲ្យក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន ហើយកិត្យានុភាពរបស់វៀតណាម លើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន