បងប្អូនប្រិយមិត្ត និងមហាជនជាច្រើន ប្រាកដណាស់បានទទួលជ្រាបករណីអំពើឃាតកម្ម និងបងរបួសស្នាមកំរិតធ្ងន់ធ្ងរមួយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង ៧ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រោយអ្នកគ្រូក្រមុំបង្រៀនភាសាកូរ៉េម្នាក់ ត្រូវបានគេវាយសម្លាប់ទាំងកាយអាក្រាត និងយុវជនម្នាក់ជាសង្សារ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។
សូមរម្លឹកឡើងវិញ សពអ្នកគ្រូក្រមុំខាងលើមានឈ្មោះ ឈ្មោះ ហ៊ី ធាវិន អាយុ២៤ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាសេអ៊ូល និងមានទីលំនៅស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ទាំងកាយអាក្រាតយ៉ាងអាណោចអាធម នៅចំណុចបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ចំណែកយុវជនជាសង្សារមានឈ្មោះ ម៉ៅ សុខម៉ិញ អាយុ២១ឆ្នាំ មុខរបរជាជាងទង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយសារស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ ។
សូមជម្រាបផងដែរថា ករណីដ៏សាហាវព្រៃផ្សៃនេះ មកទល់ដល់ម៉ោងនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនឃាតករដៃឆៃ (កំពុងរត់គេចខ្លួន) មកផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ។
ដោយឡែក បងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ «ណារី កូនពៅ» ដោយបានមើលឃើញពីសភាពជនរងគ្រោះធ្ងន់ធ្ងរ និងខ្វះខាតជាខ្លាំងនោះ បងស្រីក៏បានបង្ហោះសារអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដើម្បីស្វែងរកថវិកាខ្លះៗជួយដល់ជនរងគ្រោះកំពុងសម្រាកព្យាបាល ក្នុងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូន ជនរួមជាតិទាំងអស់ ក្នុងនិងក្រៅប្រទេស ថ្ងៃនេះ នាងខ្ញុំសូមលើកម្រាមដៃដប់សំពះប្រកាសស្វែងរកជំនួយ ពីសំណាក់ពុកម៉ែ បងប្អូនមិត្តៗ ក៏ដូចជា ឯកឧត្តម លោកឧកញ៉ា និងលោកជំទាវ ដើម្បីជួយសម្រួល ក្នុងការចំណាយថ្លៃព្យាបាលប្អូនប្រុស ម៉ៅ សុខម៉ិញ ដែលជួបគ្រោះថ្នាក់ករណីឃាតកម្ម (មិនបាត់បង់ជីវិត តែរងរបួសធ្ងន់) កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងនៅនេះ។
ឥឡូវនេះ ប្អូនប្រុស កំពុងទទួលការព្យាបាល នៅឯប្រទេសវៀតណាម ដោយត្រូវការថវិកាជាច្រើន ក្នុងការព្យាបាល តែអ្វីដែលសំខាន់នោះ គ្រួសារគាត់ក្រីក្រ ឪពុកម្តាយធ្វើសំណង់ រកមួយថ្ងៃ រស់មួយថ្ងៃ គ្មានលទ្ធភាពគ្រប់គ្រាន់នោះទេ។ សូមជួយគាត់ផង ព្រោះប្អូនប្រុសម៉ៅ សុខម៉ិញ គាត់ជាមនុស្សល្អ ចិត្តបុណ្យ សុភាព៘
ដូច្នេះហើយ ទើបនាងខ្ញុំ ប្រកាសស្វែងរកជំនួយ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក តិចក្តីច្រើនក្តី តាមសទ្ធាជ្រះថ្លារបស់អ្នកទាំងអស់គ្នា។ បើមិនបានជួយជាថវិកា ត្រឹមជួយ like និង ស៊ែរ ក៏បានដែរ។ អរគុណទុកមុនអ្នកទាំងអស់គ្នា។ លេខទូរស័ព្ទ ០៩៧ ៩៣៩៩ ៤៩៩ លេខរបស់នាងខ្ញុំផ្ទាល់…» ៕ ប្រភព ksn.news