ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត LEXUS NX200t ស៊េរីទំនើប មួយគ្រឿង បើកបុកអ្នកជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ខ្ទាតបោកនឹងថ្នល់បែកឈាមសន្លប់ស្តូកស្តឹង ហើយកៀបម៉ូតូជាប់នៅក្រោមរថយន្ត រួចព្យាយាមបើករត់អូសទាំងម៉ូតូទៅជាមួយបែកផ្កាភ្លើងតាមផ្លូវបង្កការភ្ញាក់ផ្អើល ត្រូវប្រជាពលរដ្ឋនាំគ្នាជិះដេញតាមនិងរកសមត្ថកិច្ចឲ្យជួយដេញតាមឃាត់រថយន្តបង្ក រហូតដល់ចំណុចក្រោមស្ពានអាកាស៧មករា ម៉ូតូបានខ្ទាតចេញពីក្រោមរថយន្ត ហើយរថយន្តនៅតែព្យាយាមបើករត់គេច រហូតដល់ផ្លូវហាណូយ រួចបត់ចូលក្នុងបុរីមួយកន្លែង ជាប់ហាងនំប៉័ងឈូកមាស ហើយត្រូវបានសន្តិសុខបិទទ្វាររបងមិនឲ្យចូល ទើបប្រជាលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលពួកគេកំពុងជិះម៉ូតូឌុបគ្នា ធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន នៅត្រង់ចំណុចជិតX2 KTV តាមបណ្ដោយផ្លូវ៥៥ កែងផ្លូវលេខ២២២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញបណ្តាលឲ្យយុវតីម្នាក់របួសធ្ងន់ និងយុវជនម្នាក់ទៀតរងរបួសស្រាល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបន្តិច គេបានឃើញមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HO-9228 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៥ ក្នុងទិសដៅពីកើតទៅលិច
លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួនកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-6444 ធ្វើដំណើរតាមផ្លូវ២២២ ឆ្លងកាត់ផ្លូវ៥៥ ទិសដៅពីត្បូងទៅជើង ទើបជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តផ្នែកខាងមុខ និងបណ្ដាលឲ្យនារីម្នាក់ដែលជិះម៉ូតូពីក្រោយនោះ ខ្ទាតបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ដេកសន្លប់ស្តូកស្ទឹងក្នុងថ្លុកឈាម ចំណែកយុវជនដែលជាអ្នកបើកម៉ូតូបានរងរបួសស្រាល រលាត់ដៃ ជើងចេញឈាម ហើយត្រូវបានបងប្អូនអ្នកដំណើរ និងប្រជាពលរដ្ឋនៅក្បែរនោះជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកដល់យកទៅមន្ទីរពេទ្យ។
ប្រភពបន្ថែមទៀតថា ភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿន បើកអូសទាំងកៀបបជាប់ម៉ូតូក្រោមរថយន្ត ឡើងបែកផ្កាភ្លើងពេញផ្លូវ ត្រូវប្រជាពលរដ្ឋនាំគ្នាជិះដេញតាមស្រែកឲ្យសមត្ថកិច្ចតាមគោលដៅឲ្យជួយដេញតាមឃាត់រថយន្តបង្ក ។
ប្រជាពលរដ្ឋ និងអ្នករត់កង់បី បានដេញតាមពីក្រោយរហូតដល់ចំណុចក្រោមស្ពានអាកាស៧មករា ម៉ូតូក៏បានខ្ទាតចេញពីក្រោមរថយន្ត ហើយរថយន្តនៅតែព្យាយាមបើករត់គេចទៀត រហូតដល់ផ្លូវហាណូយ រួចបត់ចូលក្នុងបុរីមួយកន្លែង ផ្ទះលេខ២C ផ្លូវបេតុង ជាប់ហាងនំប៉័ងឈូកមាសII ហើយត្រូវបានសន្តិសុខបិតទ្វាររបងមិនឲ្យចូល ទើបប្រជាលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទើបសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចខណ្ឌដូនពេញ ចុះមកពិនិត្យមើលជាក់ស្ដែងតែម្តង។
សមត្ថកិច្ចផ្នែកជំនាញផ្នែកវាស់វែង នៃអធិការដ្ឋានខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នៃខណ្ឌសែនសុខ ចូលទៅរកឃើញរថយន្តបង្កជាក់ស្ដែង នៅមុខផ្ទះតែម្ដង ហើយម្ចាស់កំពុងនាំគ្នាជញ្ជូនអីវ៉ាន់ចេញពីរថយន្តផងដែរ ព្រោះស្មានតែគេចខ្លួនបានសម្រេចហើយ ស្រាប់តែឃើញសមត្ថកិច្ចចុះមកដល់មុខផ្ទះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ បានប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញ ចុះអូសរថយន្តបង្ក ដែលបើកគេចខ្លួននោះ យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ក្រុងបានឲ្យដឹងនៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ថា រឿងគ្រោះថ្នាក់ចរាចរណ៍នោះ លោកកំពុងតែស្វែងរកសាវតា ទាំងជនបង្កនិងជនរងគ្រោះ ដោយសារជនរងគ្រោះលោកពុំទាន់ទទួលបានថា សម្រាកព្យាបាលនៅពេទ្យណា ហើយស្នាក់នៅទីណា ដើម្បីឲ្យភាកីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា ៕ ប្រភព cambodiapolice