ជារឿងហេតុមិននឹកស្មាន និងក្ដុកក្ដួលជាទីបំផុតថ្មីមួយទៀតសម្រាប់ក្រុមគ្រួសារសាច់ញាតិសពកុមារ ថៃ ឡុង និងសិលា ដែលជាជនរងគ្រោះក្នុងថ្នាក់ចរាចរណ៍នៅតាមផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី ២៥ ឧសភា ២០១៨ គឺលោកយាយរបស់ពួកគេបានទទួលមរណភាព បន្ទាប់ពីធ្វើពិធីបូជាសពកុមារទាំងពីរចប់សព្វគ្រប់មិនទាន់បាន ២៤ម៉ោងផង។
សពកុមារទាំងពីរត្រូវបានគេបូជានៅយប់ថ្ងៃទី ២៦ ឧសភា នៅក្បែរផ្សារស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពីក្រុមគ្រួសារសាច់ញាតិបងប្អូន និងអ្នកភូមិរាប់រយនាក់ តែសពកុមារសិលា មិនមានវត្តមានឪពុក និងសពកុមារថៃ ឡុង មិនមានវត្តមានម្ដាយចូលរួម ដោយសារពួកគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ស្ត្រីរងគ្រោះជាម្ដាយសពកុមារ ថៃឡុង ត្រូវបញ្ជូនទៅព្យាបាលក្រៅប្រទេស ឯបុរសជាឪពុកកុមារសិលា និងជាអ្នកបើកបរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
រឿងហេតុកាន់តែធ្វើឲ្យគេក្ដុកក្ដួលហួសចិត្តមួយទៀតព្រោះតែទុក្ខផ្ទួនៗពេកនោះ គឺនៅព្រឹកថ្ងៃទី ២៧ ឧសភា ពោលគឺពិធីបូជាសពកុមារខាងលើបានជិត ២០ម៉ោង ស្រាប់តែលោកយាយរបស់កុមារទាំងពីរបានដាច់ខ្យល់ស្លាប់ បន្ទាប់ពីគាត់ទើបទទួលដំណឹងថា ចៅៗសំណព្វរបស់លោកយាយ បានស្លាប់ព្រមៗគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ។ តាមរយៈប្រភពពីសាច់ញាតិជនរងគ្រោះមានគណនីហ្វេសប៊ិកឈ្មោះ Mutita Anachak Angkor បានរៀបរាប់ថា ៖
«អនិច្ចាជីវិត! លោកយាយ យ៉ង់ យ៉ុន បានលាចាកលោកនៅថ្ងៃអាទិត្យទី ២៧ខែឧសភា វេលាម៉ោង១០និង១០នាទីព្រឹក។ លោកយាយរន្ធត់ចិត្តខ្លាំងរហូតដល់ដាច់សរសៃឈាមខួក្បាល បន្ទាប់ពីទទួលដំណឹងថា ចៅគ្រោះថ្នាក់ចរាចរណ៍ស្លាប់។ លោកយាយអាយុ ៨៦ឆ្នាំមែន ប៉ុន្តែគាត់នៅមានការចងចាំល្អណាស់ស្គាល់គ្រប់ចៅ ចៅទួត ហើយក៏មិនដែលមានជំងឺអីធ្ងន់ធ្ងរដែរ។
ដូច្នេះពេលមានរឿងរន្ធត់កើតឡើង សូមតាំងសតិដើម្បីស្តាប់ និងទទួលយកសិនសឹមនិយាយ ជៀសវាងកើតឡើងដូចនេះ។ សរុបហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មនុស្ស៣នាក់បានស្លាប់ ទី១.ទារក សិលា អាយុ ៩ខែ (ត្រូវជាកូនអ្នកបើកបរ)។ ទី២.កុមារា ឡុងថៃ អាយុ ៥ឆ្នាំ (ត្រូវជាក្មួយអ្នកបើកបរ) និងទី៣.លោកយាយ យ៉ង់ យ៉ុន អាយុ ៨៦ឆ្នាំ (ត្រូវជាយាយមីងអ្នកបើកបរ) រងគ្រោះដោយសាររន្ធត់ចិត្តបណ្តាលអោយដាច់សសៃឈាមខួរក្បាលស្លាប់ ។ ចំណែកអ្នកបើកបរ កំពុងសង្គ្រោះនៅមន្ទីពេទ្យនៅឡើយ»។
ចំណែកសាច់ញាតិគ្រួសាររងគ្រោះម្នាក់ទៀតប្រើគណនីហ្វេសប៊ុកឈ្មោះ Tep Kimleang ធ្លាប់សរសេររៀបរាប់ពីការទស្សន៍ទាយរបស់គ្រូថា « ក្នុងគ្រួសារខ្ញុំ ហេតុអ្វីបានជាជួបរឿងវិប្បយោគ(ការព្រាត់ប្រាស់) មិនចេះចប់យ៉ាងនេះ បងថ្លៃទើបស្លាប់ ឯ អ៊ី ក៏ទើបតែស្លាប់មិនទាន់បាន ២ខែផង ថ្ងៃនេះក្មួយជាទីស្រលាញ់សែនឆ្លាត បានជួបរឿងអកុសលទៀត។ តើអ្នកណាមិនរន្ធត់ …ខំរៀបចំផ្ទះអស់ហើយ តាមការទស្សន៍ទាយរបស់គ្រូខ្មែរក៏ដូចជាចិនសែ ថាខែ ៥នេះ នឹងមានគ្រោះ ថ្នាក់ក្មេងម្នាក់ទៀត ឥឡូវចៀសមិនផុតមែន តើអោយខ្ញុំធ្វើម៉េចទៀត»? សំណេរនេះបានធ្វើឲ្យគេក្ដុកក្ដួលចិត្តយ៉ាងខ្លាំង និងចែករំលែកបន្តជាច្រើន។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើបង្កឡើង ដោយរថយន្តធំ ហ៊ីយ៉ាន់ដាយ បានបើកបុករថយន្ត វិហ្គោ យ៉ាងពេញទំហឹងបណ្តាលឲ្យអូសប្រមាណ ១០ម៉ែត្រនៅក្នុងនោះមានមនុស្សប្រុសស្រីក្មេងចាស់ ៦នាក់បានរងរបួសធ្ងន់ និងស្លាប់ចំនួន ២នាក់។
មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហុន 3A-0830 ជាប្រភេទរថយន្តដឹកទំនិញ បានបើកបរក្នុងទិសដៅពីលិចមកកើត ខណៈ ពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបានបើកបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាក វិហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4733 យ៉ាងបំពេញទំហឹងបណ្តាលឲ្យអូសរថយន្ត វិហ្គោ ប្រមាណ១០ម៉ែត្រ ហើយមានមនុស្សគាបជាប់ក្នុងរថយន្ត។ ភ្លាមៗនោះ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តនៅហ្នឹងកន្លែងងកើតហេតុ។
ប្រជាពលរដ្ឋដែលនៅជិតនោះ បាននាំគ្នាជួយសង្គ្រោះ រួចបានហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅមន្ទីរ។ ខណៈពេលដែលដឹកជនរងគ្រោះទៅមន្ទីរពេទ្យនោះ ជាអកុសល ត្រូវបានស្លាប់បាត់បង់ជីវិតក្មេងចំនួន ២នាក់ និងមនុស្ស ៤នាក់ទៀតកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះរបស់គ្រូពេទ្យ។
អ្នកបើកបរឈ្មោះប៉ុន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ(របួសធ្ងន់)មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរជាមួយ ៥នាក់ ទី១ឈ្មោះសាន ថៃឡុង ភេទប្រុស អាយុ ៥ឆ្នាំ ទី២ឈ្មោះ ស្រេង ស្រីនូ ភេទស្រី អាយុ ៣២ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី៣ឈ្មោះបាន សុខសិលា ភេទប្រុស អាយុ ៩ខែ ទី៤ឈ្មោះលុច្ស អាយុ ៣ឆ្នាំនឹងអ្នករួមដំណើរ១នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
ក្នុងករណីនេះផងដែរបណ្តាលឲ្យ ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង។ មូលហេតុមកពីអ្នកបើកបររថយន្ត Hyundai បើកបរខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕