ប្រជាជនចិននាំគ្នាបោកទូរសព្ទ iPhone របស់ខ្លួនចោល ដើម្បីជាការបង្ហាញពីជាតិនិយមរបស់ខ្លួន គាំទ្រក្រុមហ៊ុនយក្សចិន Huawei ដែលត្រូវក្រុមហ៊ុនអាមេរិកធំៗផ្តាច់ការរកស៊ីជាមួយ។
នេះបើតាមវីដេអូមួយដែលបង្ហោះទំព័រហ្វេសប៊ុកបរទេសមួយឈ្មោះ Shahmir។ បើតាមការរៀបរាប់អំពីសកម្មភាពក្នុងវីដេអូ បញ្ជាក់ថា ក្រោយ Huawei ត្រូវក្រុមហ៊ុនអាមេរិកដូចជា Google, Qualcom និង Intel ជាដើម បានផ្អាកការផ្គត់ផ្គង់សេវាកម្ម និងផលិតផលឈីបរបស់ខ្លួនជាមួយក្រុមហ៊ុន Huawei ក្រោមការបង្គាប់បញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រជាជនចិនហាក់ខឹងសម្បារនឹងផលិតផលអាមេរិកពិសេស iPhone របស់ Apple ដែលកំពុងមានវត្តមាននៅទីផ្សារចិន រហូតដល់បោកនិងបោះ iPhone របស់ខ្លួនចោលធុងសម្រាម។
បន្ថែមលើនេះ បណ្តាក្រុមហ៊ុនចិនមួយចំនួន បានហាមប្រាមបុគ្គលិកខ្លួនមិនឲ្យទិញ iPhone មកប្រើឡើយ ហើយបើឃើញអ្នកណាប្រើ iPhone នឹងមិនត្រូវឲ្យលុយថែមម៉ោង និងប្រាក់រង្វាន់ដាច់ខាត។ សម្រាប់អ្នកទិញ Huawei មកប្រើនឹងត្រូវបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមជាទីពេញចិត្ត។
អ្នកជំនាញបរទេសបានបញ្ជាក់ថាទីផ្សារ iPhone នៅចិនមានដល់ទៅ ៣៣ ភាគរយក្នុងចំណោមទីផ្សារសរុបលើពិភពលោក ហើយបានបង្ហាញក្តីបារម្ភចំពោះ Apple ថាទីផ្សារក្រុមហ៊ុនអាមេរិកនេះនឹងធ្លាក់ចុះខ្លាំង ក្រោយរឿងរ៉ាវអាមេរិកធ្វើលើ Huawei ថ្មីៗនេះ។
វីដេអូដដែលបានបញ្ជាក់បន្ថែមថា អាមេរិកហាក់ព្រួយបារម្ភ និងការវាតទីដណ្តើមតំណែងកំពូលផ្នែកបច្ចេកវិទ្យាពីសំណាក់ចិន ពិសេសគឺក្រុមហ៊ុន Huawei ដែលឈានមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាល្បឿនអ៊ីនធឺណិតផុតលេខ 5G ដោយបច្ចុប្បន្នមានប្រទេសប្រមាណ ៤០ ជាដៃគូរបស់ Huawei ដើម្បីឲ្យក្រុមហ៊ុននេះជួយនាំបច្ចេកវិទ្យា 5G ទៅកាន់ប្រទេសទាំងនោះ។
យ៉ាងណាមិញ សម្រាប់ Huawei បានអះអាងថា ខ្លួនបានត្រៀមរួចហើយចំពោះបញ្ហានេះ ដោយបានបង្កើត OS មួយឈ្មោះ Hongmeng តាំងពីឆ្នាំ ២០១២ មកម្លេះ ប៉ុន្តែត្រូវអ្នកជំនាញបច្ចេកវិទ្យាមើលឃើញថា វាហាក់លំបាកបន្តិចសម្រាប់ Huawei ក្នុងការធ្វើឲ្យ App Gallery (ជា Store) ឲ្យទាន់សម័យនិងល្បីល្បាញឆាប់រហ័សដូច Android។ ដូច្នេះត្រូវទាមទារឲ្យក្រុមហ៊ុននេះ ញាប់ដៃញាប់ជើងទាក់ចិត្តអ្នកបង្កើតកម្មវិធីជុំវិញពិភពលោក ឲ្យបង្កើតកម្មវិធីសម្រាប់ Store ថ្មីរបស់ខ្លួន ដើម្បីប្រជែងនឹង Android របស់ Google និង iOS របស់ Apple៕
ផ្តល់សិទ្ធិដោយ៖ angkorpost.net