ភ្នំពេញ ៖ លោក គឹម សាន ដែលមហាជនស្គាល់គ្រប់គ្នាត្រូវជាប្អូនប្រុសរបស់តារាស្រីកញ្ញា ដេននី ក្វាន់ បានចេញមុខប្រកាសក្តែងៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទាមទារឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវតែផ្តល់ភាពយុត្តិធម៌ដល់បងស្រីរបស់ខ្លួនផងគឺកញ្ញា ដេននី ក្វាន់ លើករណីនៃការកោះហៅព្រមានចំពោះរឿងស្លៀកពាក់សិចស៊ីដោយពុំស្មើភាពគ្នា។
តារាប្រុសលោកគឹម សានបានបង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកបង្ហាញឲ្យឃើញពីសកម្មភាពរបស់តារាស្រីវ័យក្មេងម្នាក់ក្នុងឈុតសម្លៀកបំពាក់សិចស៊ីស្ទើរអាក្រាតកាយថា អយុត្តិធម៌ចំពោះ ដេននី ក្វាន់ពេកហើយ។ ហេតុអ្វីក៏ក្រសួងវប្បធម៌និងវិចិត្រសិល្បៈលំអៀងម្ល៉េះ?ធ្វើជាមនុស្សចាស់តែចាស់លំអៀងមិនត្រឹមត្រូវធ្វើអ្វីមិនស្មើភាព។
លោក គឹម សានបន្តថា សិល្បៈស្រុកខ្មែរប្រកាន់បក្សពួកណាស់គ្រាន់តែ ដេននី ក្វាន់ស្លៀកពាក់សិចស៊ីលក់ផលិតផលនៅក្នុងផ្ទះសោះ នាំគ្នាប្រតិកម្មពេញសិល្បៈថា ធ្វើអោយខូចវប្បធម៌ និងបិទមិនអោយសម្តែងពេញមួយឆ្នាំ។ ចុះម៉េចក៏ក្រសួងវប្បធម៌មិនក្រឡេកមើលផងតារាសិចស៊ីផ្សេងផងមានច្រើនណាស់តែបែរជាធ្វើមិនដឹងមិនឮឬក៏ខាងក្រសួងមានបញ្ហាភ្នែកមើលមិនច្បាស់មិនដឹងសមិនដឹងខ្មៅ ..។
ប្អូនស្រីរបស់កញ្ញា ដេននី ក្វាន់ គឺលោក គឹម សាន បន្ថែមទៀតថា ចប់ហើយចេះៗសូម្បីតែក្មេងអាយុ៣ឆ្នាំក៏មើលឃើញថា ក្រសួងវប្បធម៌លំអៀង មិនយុត្តិធម៌ ..។ ប្រកាន់បក្សពួកគាបសង្កត់តែ ដេននី ក្វាន់ ។
សូមបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះគឺមានតារាស្រីខ្មែរចំនួន២រូបមកហើយដែលត្រូវរងការព្រមានសិល្បៈពីសំណាក់ក្រសួងវប្បធម៌និងសិល្បៈគឺដំបូងឡើងធ្លាក់លើតារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន និងបន្ទាប់មកទៀតតម្រូវលើតារាសម្តែងកញ្ញា ដេននី ក្វាន់។ ប៉ុន្តែក្រោយពីមានការព្រមានពេលនេះត្រូវបានក្រសួងសម្រេចលើកលែងការព្រមានហើយ បន្ទាប់ពីអនុវត្តមានតាមការកំណត់៕