ភ្នំពេញ៖ ដើម្បីការរួមចំណែកអភិបាលកិច្ចល្អ ស្របតាមទិសដៅរដ្ឋាភិបាលនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមានបង្ហោះរូបមន្ត្រី ដែលមានតែឈ្មោះ ហើយអត់ធ្វើការ ដោយរង់ចាំតែបើកប្រាក់ខែក្រសួង នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារព្រមានបែបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា៖«ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំឲ្យគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណាខ្លះ ដែលមានតែឈ្មោះ តែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ដើម្បីខ្ញុំបង្ហោះរូបអ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង»។
ជុំវិញបញ្ហាមន្ត្រីរាជការស៊ីប្រាក់ខែ តែមិនព្រមធ្វើការបម្រើរដ្ឋឲ្យពេញដៃពេញជើង ពោលគឺយកពេលរដ្ឋទៅធ្វើការងារឯកជន ឬរកស៊ីខាងក្រៅនោះ គឺតែងតែមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជន ទៅលើការគ្រប់គ្រងរបស់ក្រសួង និងស្ថាប័នរដ្ឋ ដែលចំណាយថវិកាខ្ជះខ្ជាយលើមន្រ្តីខ្មោចហើយ (អ្នកដែលបើកប្រាក់ខែ តែមិនធ្វើការ) ប៉ុន្តែការងារវិញ មិនសូវមានប្រសិទ្ធភាព ដោយសារសម្បូរមន្រ្តីខ្មោចនៅតាមស្ថាប័នទាំងនោះ៕