ភ្នំពេញ ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលត្រូវជាប្រធានសមាគមសិល្បករខ្មែរ និងតារាសម្តែងជើងចាស់ផងនោះ បានផ្ទុះកំហឹងពន្លះមិនសំចៃមាត់លើបុគ្គលមួយចំនួនដែលមិនមើលឃើញពីតម្លៃរបស់តារាសិល្បៈខ្មែរ ដែលខំលះបង់គ្រប់កម្លាំងកាយចិត្តដើម្បីចូលរួមលើការលើកកម្ពស់មុខមាត់ប្រទេសជាតិ។
ជាក់ស្តែងកាលពីប៉ុន្មាននាទីមុននេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសារបង្កប់ន័យថាថ្ងៃក្រោយចាំទុក! អ្នកណាអោយតម្លៃចាំចូលរួម អ្នកណាមិនអោយតម្លៃជៀសអោយឆ្ងាយ។ មិនមែនជារឿងងាយស្រួលទេ ដែលខំប្រមូលអ្នកសិល្បៈជួបជុំគ្នាម្តងៗអោយចូលរួមដោយគ្មានប្រយោជន៍ចំពោះពួកគាត់ ដោយគិតថាដើម្បីមុខមាត់ប្រទេសជាតិ មិនបានទទួលកម្រៃក៏គ្នាសុខចិត្ត ចំណាយពេលវេលាក៏គ្នាព្រម ដាច់បាយក៏គ្នាមិនរអ៊ូហាលក្តៅក៏គ្នាមិនត្អូញចូលបន្ទប់ទឹករួមមនុស្សរាប់ម៉ឺននាក់ក៏គ្នាមិនឆ្អើម។
អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា តែសូមផ្តល់តម្លៃដល់ពួកគាត់ផង កុំយកចិត្តតែអ្នកល្បីពេក អ្នកល្បីខ្លះគេមិនយល់មុខកម្មវិធីជាតិមិនជាតិនោះទេ បើគ្មានលុយគេទៅច្រៀង អយុត្តិធម៌សម្រាប់គ្នាអ្នកសិល្បៈតូចតាចណាស់ បើអ្នកមិនអោយតម្លៃពួកគាត់ តែខ្ញុំអោយតម្លៃពួកគាត់ ពួកគាត់ជាសរសៃឈាមរបស់សមាគមសិល្បករខ្មែរដែលមានខ្ញុំជាប្រធាន តែការដែលពួកគាត់ចូលរួមនេះមិនមែនខ្ញុំប្រើអំណាចជាប្រធានទេគឺជាមនោសញ្ចេតនាស្រលាញ់រាប់អានគ្នាដោយទឹកចិត្ត។
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមថាសមាគមសិល្បករខ្មែរមិនមែនសម្រាប់ស្ថាប័នផ្សេងៗចង់បោកប្រើដើម្បីទាមទារប្រយោជន៍នោះទេ ផ្តល់តម្លៃដល់សមាជិកសមាជិការបស់សមាគមផង។
សូមបញ្ជាក់ថា ការលើកឡើងរបស់ប្រធានសមគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះគឺធ្វើឡើងបន្ទាប់ពីមានការសរសេររៀបរាប់ពីម្ចាស់Account Facebook មួយដែលបង្ហាញពីផលលំបាកនៃការចូលរួមកម្មវិធីថ្នាក់ជាតិថាម្សិលមិញពិតជាហួសចិត្តណាស់ចេញលិខិតអញ្ជើញក្រុមរបស់ខ្ញុំឲ្យទៅចូលរួមកម្មវិធីដ៏ធំមួយក្រោមអធិបតីភាពសម្តេចតេជោ ចូលរួមផងដែរ គាត់ថាមិនបាច់មានប័ណ្ណចូលរួមក៏គេឲ្យចូលដែរហើយកន្លែងអង្គុយនៅក្រោមវេទិកាសម្តេចតែម្តងកន្លែងហ្នឹងជាកន្លែង VIP។ ដល់ពេលខ្ញុំទៅមុនម៉ោងដើម្បីរៀបចំកន្លែងឲ្យបងប្អូនសិល្បករយើងអង្គុយអ្នកយាមថាចូលអត់បានទេបើអត់មានប័ណ្ណ។
ម្ចាស់Account Facebookឈ្មោះ Long Sokiry បាននិយាយទៀតថា ខ្ញុំក៏តេទៅគាត់ដើម្បីយកប័ណ្ណមកឲ្យខ្ញុំ ដល់ពេលបានប័ណ្ណឲ្យខ្ញុំ គាត់ឲ្យតែ២០សន្លឹកទេខ្ញុំប្រាប់គាត់ថាក្រុមខ្ញុំមក៤០នាក់ទើបគាត់ឲ្យ២០សន្លឹកទៀត ហើយទៅរកកន្លែងអង្គុយក្រុមយុវជនគេថាបើបងមានប័ណ្ណ VIP ទើបអាចអង្គុយកន្លែងហ្នឹងបាន។ ខ្ញុំតេសួរគាត់ គាត់ថាទៅអង្គុយទៅគេមិនមែនមកចូលរួមទាំងអស់គ្នាទេខ្ញុំថាយីបងឯងចេះឲ្យទៅអង្គុយៗយ៉ាងម៉េចបើម្ចាស់កៅអីគេមកដែរគេដេញចេញមិនខ្មាសគេទេអី? គាត់ថាចាំខ្ញុំទៅរៀបចំកន្លែងឲ្យក្រុមបងអង្គុយ។
ប្រភពដដែលនេះបានបន្ថែមថា ដល់ពេលរៀបចំកន្លែងឲ្យអង្គុយឲ្យទៅអង្គុយកន្លែងធម្មតាវិញ នឹងសំណាងហើយដែលប្រធានខ្ញុំទាំង២គាត់អត់បានមកចូលរួមបើគាត់បានមកចូលរួមវិញដឹងតែត្រូវមាត់បាត់ព្រោះខ្ញុំជាអ្នកសម្របសម្រួលការងារហ្នឹងផង៕