កាល​ពី​ពេល​ថ្មីៗ​នេះ​ នារី​លក់​ឡេ​ម្នាក់​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​និង​តូច​ចិត្ត​ជា​ខ្លាំង រហូត​អង្គុយ​សម្រក់​ទឹក​ភ្នែក ​ក្រោយ​ត្រូវ​បុរស​ម្នាក់​សួរ​តំលៃ​ខ្លួន​នាង​គ្មាន​សំចៃ​មាត់ ដោយ​គ្រាន់​តែ​នាង​ស្លៀក​ពាក់​សិច​ស៊ី​ដើម្បី​លក់​ផលិតផល​អនឡាញ​ចិញ្ចឹម​កូន​កំព្រា​ឪពុក។

ក្រោយពី​មាន​ករណី​បុរស​ម្នាក់​សួរ​តំលៃ​ខ្លួន​​ នាង​បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​ឈឺ​ចាប់​​​ពី​ដំណើរ​ជីវិត​ដ៏​ជូរចត់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​គណនី​​ផ្ទាល់ខ្លួន​ឈ្មោះ អូន ឆវី ថា​៖

«មួយ​ជីវិត​ខ្ញុំ​គឺ​ជួប​រឿង​អយុត្តិធម៌​លើស​លប់​ពេក​ហើយ ខ្ញុំ​ជា​អតីត​ក្មេង​សំណង់​អនាធិបតេយ្យ ត្រូវ​គេ​រឹប​អូស​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង កំព្រា​ឪពុក​ម្តាយ ​ប៉ា​ជា​អតីត​ទាហាន​ខំ​តស៊ូ​ តែ​ចុង​ក្រោយ​បាន​ត្រឹម​តែ​ស្លាប់។ ម្តាយ​ខំ​តស៊ូ​ឲ្យ​កូន​រៀន​បាន​ចប់​បាក់​ឌុប មិន​មាន​លុយ​រៀន​ត​បាន​ត្រឹម​តែ​ឈប់។ ទៅ​សម្ភាសន៍​ការងារ​កន្លែង​មួយ​ បាន​ត្រឹម​តែ​អ្នក​គិត​លុយ​ក្នុង​ហាង​មួយ​ក៏​រើស​ខ្សែ និយម​បក្ស​ពួក​មិន​មែន​យក​សមត្ថភាព​ត្រូវសម្ភាសន៍​ធ្លាក់។

ជីវិត​តែលតោល​គ្មាន​ជម្រើស ពេល​ខ្លះ​ក៏​បាក់​ទឹក​ចិត្ត តែ​មិន​និយាយ​ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ​និង​ជីវភាព ខ្ញុំ​ក៏​លះបង់​កិត្តិយស​ខ្លួន​ឯង​ដើម្បី​លុយ ក្រោយ​មក​ម្ដាយ​ក៏​ស្លាប់។ ពេល​នេះ​ខ្ញុំ​បាន​សាង​កិត្តិយស​មក​វិញ ខ្ញុំ​គ្រាន់​តែ​លក់​ផលិតផល​ដើម្បី​លុយ​ចិញ្ចឹម​កូន​ស្រី​ដែល​កម្សត់​មិន​មាន​ឪពុកទទួល​ខុស ​ត្រូវ​បែរ​ជា​នាំ​គ្នា​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ទៅ​វិញ​ កំណាច​ឃោរ​ឃៅ​ណាស់ គួរ​តែ​គិត​ផង ​គាំទ្រ​ឲ្យ​មនុស្ស​កុំ​ធ្វើ​អំពើ​អាក្រក់ កុំ​នាំ​គ្នា​ទៅ​ឆក់​ប្លន់​ពេស្យាចារ មែន​ហើយ​ភាព​សិច​ស៊ី​ខ្ញុំ​​បន្តិច​​​មែន​ហើយ មាន​តែ​ខ្ញុំ​មែន?

ដែល​អីចឹង ​ចុះ​នៅ​ក្រៅ​គេ​ស្លៀក​ជាង​ហ្នឹង​មិន​និយាយ ហើយ​បើ​ចង់​រិះគន់​ម្តេច​មក​សួរ​តំលៃ​ខ្លួនខ្ញុំ?។
នៅ​ខាង​ក្រៅ​ខ្ញុំ​ហ្នឹង​ហើយ​ខ្លាច​សុិច​ស៊ី​បំផុត​មិនហ៊ាន​សូម្បី​ស្លៀក​ខ្លី​លើ​ជង្គង់​ហើយ​បើ​សក់​វិញ​ខ្មៅក្រឹប​ត្រឹម​ចង្កេះ​មិន​ដែល​មាន​ហាយឡាយ​ពណ៌​ឡើយ​តែ​ដោយ​សារផល​ប្រយោជន៍​រកសុីលក់​ផលិតផល​បើមិន​មានភាព​ទាក់ទាញ​គឺគ្មាន​ឡើយ​សូម្បី like សូម​កុំវាយ​តំលៃ​មនុស្ស​ស្រីដែល​សុិចសុី​រូប​រាង​ខាង​ក្រៅ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានការ​ចូលចិត្ត​ផ្សេងៗ​គ្នា»៕