កូរ៉េខាងជើងបានព្រមានពលរដ្ឋខ្លួនកាលពីថ្ងៃពុធទី២៧តុលាថា ពួកគេត្រូវតែបរិភោគអាហារតិចរហូតដល់ប្រទេសនេះបើកព្រំដែនជាមួយចិនឡើងវិញក្នុងឆ្នាំ ២០២៥។
ការខ្វះខាតស្បៀងអាហារកំពុងប៉ះពាល់ដល់ប្រជាជនកូរ៉េខាងជើងរួចទៅហើយ ប៉ុន្តែប្រជាពលរដ្ឋត្រូវបានក្រុមមន្ត្រីប្រាប់ឱ្យរឹតត្បិតការទទួលទានរបស់ពួកគេយ៉ាងហោចណាស់បីឆ្នាំទៀត នេះបើយោង RFA។
ទោះជាយ៉ាងណាក៏ដោយ ប្រជាជនបានត្អូញត្អែររួចហើយថា កង្វះស្បៀងនឹងធ្វើឱ្យពិបាកទប់ក្រពះដែលឃ្លាននៅរដូវរងានេះ កុំថាឡើយច្រើនឆ្នាំ។
ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនជាមួយចិននៅខែមករាឆ្នាំ ២០២០ ជាវិធានការប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណា។
ប៉ុន្តែចំណាត់ការនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្រូវការមានលើសពីការផ្គត់ផ្គង់។
និយាយអំពីការណែនាំថ្មីរបស់រដ្ឋាភិបាល អ្នករស់នៅក្នុងទីក្រុង Sinuiju បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ប្រជាជនត្រូវបានគេដាស់តឿនថា ឱកាសនៃការបើកព្រំដែនឡើងវិញជាមួយប្រទេសចិនមុនឆ្នាំ ២០២៥ គឺមានតិចតួចណាស់។
ពួកគេបានបន្ថែមថា “ស្ថានភាពស្បៀងអាហារពេលនេះគឺស្ថិតក្នុងគ្រាអាសន្នរួចទៅហើយ ហើយប្រជាជនកំពុងជួបការខ្វះខាត។ នៅពេលអាជ្ញាធរប្រាប់ពួកគេថា ពួកគេត្រូវសន្សំសំចៃនិងប្រើប្រាស់អាហារតិចរហូតដល់ឆ្នាំ ២០២៥… ពួកគេមិនអាចធ្វើអ្វីបានក្រៅពីមានអារម្មណ៍អស់សង្ឃឹមជាខ្លាំង”៕ ប្រភព ៖ Daily Mail