អាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញក្តារមឈូសពីប្រទេសថៃចំនួន ៣,០០០ សម្រាប់ដាក់អ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា ខណៈដែលអ្នកស្លាប់នៅកម្ពុជាមានការកើនឡើងជារៀងរាល់ថ្ងៃ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៥ ខែកក្កដា ២០២១ នេះថា តាមគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញក្តារមឈូសពីប្រទេសថៃចំនួន៣,០០០សម្រាប់ដាក់អ្នកស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា ។ ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន មិនបានបញ្ជាក់អំពីចំនួនក្តារ មឈូសដែលបានដឹកមកដល់កម្ពុជាមានចំនួនប៉ុន្មាននោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃ ១ ខែកក្កដា បានបញ្ជាឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តទិញក្តារមឈូសមកទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់ដាក់អ្នកជំងឺដែលបានស្លាប់ដោយសារកូវីដ១៩ មុនពេលយកទៅបូជាឬបញ្ចុះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋរបស់យើងដែលបាន ចាកលោកដោយសារតែជំងឺចង្រៃនេះ ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ដែលជាប្រធានគណៈកម្មការក្នុងការបង្រ្កាបឧក្រិដ្ឋកម្ម ព្រៃឈើយកឈើ
ដែលរឹបអូសបានមកធ្វើជាក្តារមឈូសឲ្យបានរហ័ស ព្រោះយើងមិនចាំបាច់មានក្បូរក្បាច់អ្វីច្រើនទេ តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីតែមឈូសក៏គ្មានយកទៅបូជាសូម្បីតែមឈូសក៏គ្មាន មិនគប្បីធ្វើបែបនេះចំពោះពលរដ្ឋរបស់យើងទេ ។
ចំពោះមុខសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ថវិកាទិញក្តារមឈូសដែលមានលក់យកស្តុកទុកតាមមន្ទីរពេទ្យនៅភ្នំពេញនិង នៅតាមខេត្ត ។ខេត្តនីមួយៗត្រូវប្រមូលទិញក្តារមឈូសប្រមាណជា ៨០ ភាគរយនៃក្តារមឈូសដែលមានយកមកក្តាប់ក្នុងដៃសិន ៕