លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បើម ពីមជ្ឈដ្ឋានមហាជនទូទាំងប្រទេស បេីទោះបីជាមកដល់ពេលនេះ តារាចម្រៀងរូបនេះ មានវ័យរាងជ្រេបន្តិចក៏ដោយ ក៏លោកនៅតែជាតារាជួរមុខឈរនៅលំដាប់ថ្នាក់លេខ១ ដែលរក្សាបាននូវតម្លៃខ្លួនខ្ពស់ជាងគេផងដែរ។
ជាមួយនឹងភាពជោគជ័យក្នុងវិថីសិល្បៈជាង ម្ភៃឆ្នាំនេះដែរ លោក ព្រាប សុវត្ថិ ក៏មានកូនប្រុស ៣រូប ដែលសុទ្ធសឹងតែមានរូបរាងសង្ហារ និងមានសមត្ថភាពច្រៀងយ៉ាងពិរោះទៀតផង ដែលបច្ចុប្បន្ននេះ ពួកគេទាំង ៣រូប ក៏បានក្លាយជាតារាចម្រៀងដ៏ល្បីក្នុងផលិតកម្មហង្សមាស រួមទ្រនំជាមួយឪពុកផងដែរ។
ដោយឡែក ក្នុងអំឡុងពេលនេះ លោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំង ៣រូប ទៅច្រៀង និងសម្តែងនៅសហរដ្ឋអាមេរិក រយៈពេល ១ខែកន្លះ ហេីយនឹងចេញពីអាមេរិក មកស្រុកខ្មែរវិញ នៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ នេះបេីតាមការបញ្ជាក់ឲ្យដឹងពីអ្នកជិតស្និទ្ធរបស់កំពូលតារាចម្រៀងរូបនេះ។
មូលហេតុនេះហេីយ ដែលលោក ព្រាប សុវត្ថិ បានជាអាក់ខាន ចូលរួមអបអរសាទរក្នុងថ្ងៃដ៏ពិសេសរបស់សុគន្ធកញ្ញា និងស្វាមីរបស់នាង លោកអ៊ឹង សុខលី ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោក ព្រាប សុវត្ថិ ធ្លាប់បានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់គូស្វាមីភរិយាថ្មីនេះរួចមកហេីយ ៕