កាលពីល្ងាចថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០១៨ ល្ងាចមិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសារព័ត៌មានអនឡាញ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយ លោក ប៊ុត សីហា ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៥៖៣០នាទីល្ងាចនៅចំណុចខាងមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយចោទថា បានពាក់ព័ន្ធនឹងការប្រើប្រាស់ និងទិញគ្រឿងញៀន អំឡុងពេលលោកធ្វើដំណើរទៅផ្ទះរបស់ខ្លួន។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅពេលសួរនាំ ប៊ុត សីហា សមត្ថកិច្ចរកឃើញថា រូបគេគ្រាន់តែជាប់ពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀន ដូច្នេះលោកក៏បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។
ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន VOD បានធ្វើសម្ភាសន៍ជាមួយភរិយាប៊ុត សីហា រៀបរាប់ថា សមត្ថកិច្ចពិតជាបានចាប់ខ្លួន ប៊ុត សីហា ពាក់ព័ន្ធនឹងគ្រឿងញៀនមែន ប៉ុន្តែលោកត្រូវបានដោះលែងនៅវេលាម៉ោងប្រមាណជាជិត ១២យប់ ថ្ងៃទី២១ កុម្ភៈនោះវិញ បន្ទាប់ពីខាងសមត្ថកិច្ចស្រាវជ្រាវឃើញថា នោះជាការយល់ច្រលំ។
អ្នកនាង ឃុន ស្រីនាង ជាភរិយារបស់លោក ប៊ុត សីហា អះអាងបន្តថា ការដោះលែងត្រូវបានធ្វើឡើងទាំងយប់វិញភ្លាមៗ បន្ទាប់ពីរកឃើញថានោះជារឿងយល់ច្រលំ។ អ្នកនាងថា ប៊ុត សីហា អត់មានរត់ពន្ធគ្រឿងញៀន ដូចការចោទប្រកាន់នោះទេ តែអ្នកនាងបានសារភាពថាដោយសារតែស្វាមីខ្លួនបម្រើការអោយមេម្នាក់ដែលពាក់ព័ន្ធនឹងករណីនេះ ទើបមានការសង្ស័យហើយឈានដល់ការចាប់ខ្លួនដើម្បីយកទៅសាកសួរ។
ប្រភពខាងលើបន្ថែមថា ស្វាមីត្រូវបានដោះលែងអោយត្រលប់មកផ្ទះវិញទាំងយប់ ដោយខាងមន្ត្រីសមត្ថកិច្ចនៅខណ្ឌដង្កោ ក៏មានបំណងចង់កែព័ត៌មានផងដែរ ប៉ុន្តែព័ត៌មានបានចេញទៅលឿនរួចបាត់ទៅហើយ។ ប៊ុត សីហា នៅសម្រាក និងនៅភ័យមិនទាន់បាត់នោះទេ ដោយគាត់ភ័យរឿងបាត់បង់ប្រជាប្រិយភាពនៅក្នុងពិភពចម្រៀងផង។
ទោះយ៉ាងណាក្ដី លោក មាសឬទ្ធី អ្នកអត្ថាធិប្បាយ និងជាអគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ជាក់ចុងក្រោយដោយឆ្លើយតបនឹងសំណួរទស្សនិកជនម្នាក់សួរថា តើហង្សមាសព្រមទទួលយកប៊ុត សីហា វិញទេ ប្រសិនបើប៊ុត សីហា កែខ្លួន? មុនទទួលសំណួរនេះលោក ឬទ្ធី ក៏បានស្រាយចម្ងល់មួយដែលមហាជនឆ្ងល់ថា មិនសូវឃើញវត្តមានប៊ុត សីហា ច្រៀងតាមខនសឺត និងកញ្ចក់ទូរទស្សន៍។
លោកបកស្រាយថា មូលហេតុមិនសូវឃើញមុខប៊ុត សីហា ដោយសារតែប៊ុត សីហា បានសាងកំហុសច្រើនដងដដែលៗតាមរយៈការមិនគោរពពេលវេលាដូចជា ទៅច្រៀងយឺតម៉ោងច្រើនលើក គេកំណត់ឲ្យច្រៀងម៉ោង ៨ ប៊ុត សីហា ទៅដល់ម៉ោង ១០។ ចំណែកការច្រៀងតាមខនសឺតវិញ ទទួលពាក្យគេហើយប៉ុន្តែតែទៅច្រៀងខកញឹកញាប់ ឬមិនទៅតែម្ដង ធ្វើឲ្យខាងហង្សមាសត្រូវចេញសងថ្លៃអវត្តមានឲ្យគេ។
ជាចុងក្រោយ លោក ឬទ្ធី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ដោយមានការសួរយោបល់ពីអគ្គនាយកក្រុមហ៊ុន ហង្សមាសថា ក្រុមហ៊ុននឹងមិនទទួលយកប៊ុត សីហា ធ្វើជាតារាចម្រៀងក្នុងផលិតកម្មហង្សមាសវិញឡើយ ទោះបីជាប៊ុត សីហាកែខ្លួន។ លោក ឬទ្ធី៖ “ជំហររបស់អគ្គនាយកលោកថា អត់ទេ អត់ទទួលយកវិញទេ ទោះបីគាត់កែក៏ដោយ សុខចិត្តឲ្យគាត់ទៅប្រកបអ្វីផ្សេងទៅ ព្រោះពេលវេលាវាហួសទៅហើយ ហើយណាមួយទៀត កម្មវិធីហង្សមាសកំពុង Update ឡើងទៅ អីចឹងយើងត្រូវការយកមនុស្សថ្មី ព្រោះនៅមានមនុស្សជំនាន់ថ្មីច្រើនណាស់ត្រូវបន្តវេន៕
អត្ថបទទាក់ទង៖