កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងមានសួនកម្សាន្តលំដាប់ថ្នាក់អន្តរជាតិមួយ ក្នុងទំហំទឹកប្រាក់ចំនួន៥០០ លានដុល្លារអាមេរិក លើផ្ទៃដីចំនួនសរុប ២០៥ ហិកតា។ គម្រោងសួនកម្សាន្តនេះ ជាការវិនិយោគរបស់រួមគ្នារបស់ ក្រុមហ៊ុនអន្តរជាតិចំនួន៣ មកពីហុងកុង សិង្ហបុរី និងប្រទេសស្វីស។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គម្រោងនេះអាចនឹងដំណើរបានក្នុងពេលឆាប់ៗនេះ ព្រោះក្រុមហ៊ុនមានដី និងមានទីតាំងស្រាប់ ហើយក៏ទទួលបានការគាំទ្រពីមូលដ្ឋានគ្រប់ផ្នែកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានជាតិ AKP។
យ៉ាងណាមិញ ក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៊ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD) នឹងស្នើទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីវិនិយោគតំបន់ទេសចរណ៍ មជ្ឈមណ្ឌលកម្សាន្ត សួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ រមណីយដ្ឋាន និងសណ្ឋាគារ ស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ThmeyThmey