ប្រជាពលរដ្ឋជាទូទៅ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមានការយល់ដឹងពីបញ្ហាសង្គមជាតិ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញលិខិត១ច្បាប់របស់ក្រុមទ្រីភាព កាលពីពេលថ្មីៗនេះ បានស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីអនុញ្ញាតចុះសិក្សា បូមស្តារ និង ធ្វើច្រាំងទន្លេមេគង្គចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និង ទន្លេបាសាក់ ។
ទោះជាយ៉ាងណា នៅក្នុងលិខិតមួយចុះកាលបរិច្ឆេទថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១៩ ដោយលោក ជ្រា សុចិន្តា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ដាក់ជម្រាបជូនរដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា ករណីក្រុមហ៊ុនទ្រីភាព អេនជីនាវី&ខនស្ត្រាកសិន គោរពស្នើសុំគោលការអនុញ្ញាតចុះសិក្សា បូម ស្ដារ និងធ្វើច្រាំទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្ត្រខេត្តកំពង់ចាម ក្រចេះ និងដងទន្លេបាសាក់ រាជរដ្ឋាភិបាលសម្រេចជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្ដល់មតិ ។
ទន្ទឹមនឹងការស្នើសុំពីក្រុមហ៊ុនទ្រី ភាព ដើម្បីចុះសិក្សា បូមស្តារ និង ធ្វើច្រាំងទន្លេមេគង្គនេះ ឃើញថា មានប្រតិកម្មយ៉ាងច្រើនពីប្រជាពលរដ្ឋ ដោយក្នុងនោះ ពួកគាត់ម្នាក់បានលើកឡើងហេតុផលថា ការបូបខ្សាច់ ឬ ស្តារទន្លេនេះ វាមិនមែនជារឿងល្អនោះទេ ប្រសិនបើមិនមានការសិក្សាឱ្យបានច្បាស់លាស់ជាមុនទេនោះ ព្រោះវាអាចធ្វើឱ្យបាក់ស្រុតច្រាំងទន្លេ និង ប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គនោះ ៕
ទាក់ទងបញ្ហានេះ តើប្រិយមិត្តមានយោបល់យល់ឃើញយ៉ាងណាដែរ?