បញ្ហាដែលលោក ថោង ខុន មើលឃើញនោះ គឺរាល់ការប្រជុំផ្សព្វផ្សាយពីឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៃអាជីវកម្មទេសចរណ៍ ភាគច្រើនមន្ត្រីជំនាញមិនដែលហៅម្ចាស់អាជីវកម្មជនជាតិចិនមកណែនាំនិងពន្យល់អំពីច្បាប់ធ្វើអាជីវកម្មនៅកម្ពុជាឡើយ។ ហើយនៅពេលមានជនជាតិចិនចូលស្ដាប់ការពន្យល់ផ្នែកច្បាប់នេះវិញ បែរជាគ្មានបកប្រែឯកសារជាភាសាចិន ឬគ្មានការពន្យល់ជាភាសាចិនជាដើម។
ហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលបានស្រង់សម្តីលោក ថោង ខុន បានសរសេរដូច្នេះថា៖«អ្នកប្រកបអាជីវកម្មបរទេស មិនចង់ប្រឆាំងនឹងរដ្ឋអំណាច ឬប្រព្រឹត្តខុសនឹងច្បាប់ប្រទេសយើងទេ គឺពួកគេចង់ស្ដាប់ ចង់ធ្វើអ្វីដែលល្អត្រឹមត្រូវ ប៉ុន្តែយើងអត់បានប្រាប់គេឱ្យបានច្បាស់។
ទាំងអស់ហ្នឹងដោយសារយើងមិនបកប្រែជាភាសាចិន ហៅចិនមកប្រជុំអត់មានអ្នកបកប្រែ ហើយឯកសារច្បាប់ ឯកសារគតិយុត្តសុទ្ធតែជាភាសាខ្មែរទាំងអស់ តែភាសាចិនអត់មានទៅវិញ។ ដូច្នេះយើងត្រូវមានបកប្រែជាភាសាចិនចែកជូនពួកគាត់»។
ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនជាតិចិន ដែលមករកស៊ីនៅកម្ពុជា ហើយអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់នេះ លោក ថោង ខុន ស្នើឱ្យមន្ត្រីជំនាញច្បាប់នៃវិស័យទេសចរណ៍ទាំងអស់ ពង្រឹងការផ្សព្វផ្សាយ និងពន្យល់ផ្នែកច្បាប់ ជាភាសាចិនទៅដល់ម្ចាស់អាជីវកម្មចិន ដែលកំពុងសម្រុកមករកស៊ីនៅកម្ពុជាផងដែរ។
«ជនជាតិចិនខ្លះមិនចេះភាសាអង់គ្លេស ក៏រឹតតែមិនចេះភាសាខ្មែរផងដែរ។ បើគ្មានការបកប្រែ ឬពន្យល់ជាភាសាចិនឱ្យពួកគេទេ ក៏គ្មានប្រសិទ្ធភាពក្នុងការអនុវត្តត្រឹមត្រូវតាមច្បាប់ដែរ ដូច្នេះគ្រប់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវគិតគូឡើងវិញលើបញ្ហានេះ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
បន្ថែមពីនេះលោក ថោង ខុន ក៏ស្នើឱ្យម្ចាស់ហាង ឬក្រុមហ៊ុនទាំងអស់នៅកម្ពុជា ត្រូវដាក់អក្សរខ្មែរនៅផ្នែកខាងលើ ហើយដាក់អក្សរអង់គ្លេសនៅផ្នែកកណ្ដាល តែត្រូវមានទំហំតូចជាងពាក់កណ្ដាលនៃអក្សរខ្មែរដែលនៅខាងលើនោះ។ ចំណែកឯផ្នែកខាងក្រោមបង្អស់ ម្ចាស់អាជីកម្មអាចដាក់ជាអក្សរប្រទេសទីបីបាន ដូចជា អក្សរចិន ជប៉ុន កូរ៉េ ថៃ បារាំងជាដើម។
សូមរម្លឹកថា ជនជាតិចិនដែលបានមកបើកអាជីវកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជា មានចំនួន ២៦២កន្លែង ខណៈមានមគ្គុទ្ទេសក៍និយាយភាសាចិនជាង១០០០នាក់ នៅត្រឹមឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍កន្លងមក៕ Thmey Thmey