លោក ឃុត សំណាង មានរាងកាយរបួស និងស្លាកស្នាមពេញខ្លួន។ ស្ថានភាពរបស់លោកធ្លាក់ទៅជាបែបនេះ ដោយសារតែលោកមិនខ្វល់ពីអាយុជីវិតខ្លួន ទៅជួយសង្គ្រោះក្មេងស្រីម្នាក់ក្នុងហេតុការណ៍ផ្ទុះហ្គាស់រថយន្តនៅក្រុងតាខ្មៅ ខេត្តកាលពីថ្ងៃទី១២ ខែមេសា កន្លងមក។ បច្ចុប្បន្ន បុរសចិត្តបុណ្យវ័យ៥៣ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់ខ្លួន។ លោកត្រូវប្រឈមការខ្វះខាតគ្រប់បែបយ៉ាង ប៉ុន្តែលោកមិនចង់ឲ្យក្រុមគ្រួសារ ជាពិសេសកូនៗជាប់បំណុលធនាគារដើម្បីព្យាបាលលោកនោះឡើយ។
«ដូចដឹងស្រាប់ហើយ ខ្ញុំមិនសុខសប្បាយទេ ប៉ុន្តែខ្ញុំក៏មិនស្តាយក្រោយនោះឡើយ នូវអ្វីដែលខ្ញុំបានធ្វើកន្លងមក ពីព្រោះខ្ញុំបានជួយក្មេងស្រីឲ្យរួចផុតពីគ្រោះថ្នាក់ បើទោះបីជាខ្ញុំមិនដឹងថា នាងជាកូនចៅរបស់អ្នកណាក៏ដោយ»។ លោក ឃុត សំណាង បានរៀបរាប់យ៉ាងដូច្នេះ ជាមួយនឹងសំឡេងខ្សាវៗក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មាន ThmeyThmey កាលពីថ្ងៃទី៦ ខែឧសភា។
ជាអ្នករត់តាក់ស៊ី ដែលរស់នៅភូមិកំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង តែលោកមានវត្តមាននៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃកើតហេតុ។ ខណៈនោះលោក ឃុត សំណាង ហៀបនឹងស្រស់ស្រូបអាហារទៅហើយ ប៉ុន្តែលោកស្រាប់តែឮសំឡេងផ្ទុះរថយន្ត ហើយនៅក្បែរនោះលោកបានឃើញក្មេងស្រីម្នាក់។ លោកបានរត់ទៅរុញក្មេងស្រីតូចរូបនោះ ចេញពីឲ្យផុតពីកន្លែងកើតហេតុ។ ក្មេងស្រីបានរួចផុតជីវិត ប៉ុន្តែចៃដន្យអាក្រក់ រថយន្តបានបន្តផ្ទុះម្តងទៀត ធ្វើឲ្យភ្លើងឆាបឆេះពេញខ្លួនរបស់លោកតែម្តង។
«ក្រោយភ្លើងឆេះលើខ្លួនរលត់បានប្រមាណ១០នាទី ព្រោះតែខ្លាចភ្លើងឆេះដល់ឡានរបស់ខ្លួន ខ្ញុំខំដើរទាំងត្រដរ ទាំងខ្លួនរោលខ្មៅខ្លោចស្បែកអស់ទៅហើយនោះ ទៅបើកឡានចេញពីកន្លែងកើតហេតុ ហើយបានប្រមាណ៣០ម៉ែត្រ មុនពេលខ្ញុំដួលដេកទៅលើដី»។ នេះជាការរៀបរាប់ផ្ទាល់របស់ លោក ឃុត សំណាង។
ប្រាប់សារព័ត៌មាន ThmeyThmey បុរសអ្នករត់តាក់ស៊ីចិត្តបុណ្យម្នាក់នេះ ទទួលស្គាល់ថា ជីវិតរបស់លោកកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ប៉ុន្តែលោកមិនដែលសៅហ្មងចិត្តឡើយ។ លោកសប្បាយចិត្ត ដោយសារលោកបានធ្វើនូវទង្វើដែលគួរធ្វើ ព្រោះប្រសិនបើលោកមិនអើពើ ក្មេងស្រីនោះ ច្បាស់ជាស្លាប់មិនខាន។ ប៉ុន្តែធម្មជាតិរបស់លោក មិនអាច មិនឈឺឆ្អាលនោះឡើយ។
លោកបានគូសបញ្ជាក់ថា៖ «ប្រហែលជាគុណបុណ្យរបស់ខ្ញុំ មនុស្សជាច្រើន ជាពិសេសសាច់ញាតិ មិត្តភក្តិជិតខាង សប្បុរសជន ចាប់អារម្មណ៍មកលើស្ថានភាពរបួសរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពីសំណាក់ពួកគាត់។ ខ្ញុំពិតជារំជួលចិត្តណាស់។ គ្រូពេទ្យនៅមន្ទីរពេទ្យ ព-២ ឬអតីតពេទ្យយោធា ក៏យកចិត្តទុកដាក់ព្យាបាលខ្ញុំជាពិសេសផងដែរ»។
ទោះបីជាលោក សំណាង មិនបង្ហើបប្រាប់ត្រង់ៗក៏ដោយ ប៉ុន្តែស្ថានភាពរបួសរបស់លោក ពិតជាត្រូវការចំណាយច្រើនណាស់ ហើយលោកក៏មិនចង់ឲ្យគ្រួសារ ជាពិសេសកូនៗទាំង៣របស់លោក មានផលលំបាកទៅអនាគតដោយសារតែប្រឹងដោះបំណុលធានាគារនោះដែរ។
កន្លងមក ដោយសារមិនមានប្រាក់បង់ថ្លៃការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រួមទាំងការនឹកស្រុកកំណើតផងនោះ លោក សំណាង បានប្ដូរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព- ២ (អតីតពេទ្យយោធា) ក្នុងខេត្តបាត់ដំបងរបស់ខ្លួនវិញ។ លោកនិយាយទាំងអួលដើមកថា ៖«ពេលលាងរបួសបីថ្ងៃម្ដងហ្នឹង ខ្ញុំស្រែកដូចគោអ៊ីចឹង។ ឈឺណាស់។ បើនៅកាល់ម៉ែត្រ មុនលាងគេចាក់ថ្នាំសន្លប់ តែនៅ ព-២ គេលាងឆៅតែម្ដង។ ខ្ញុំមិនអាចព្យាបាលនៅពេទ្យកាល់ម៉ែត្របានទេ។ មួយថ្ងៃអស់ជាង១០០ដុល្លារ ហើយគេយកប្រាក់មុនទៀត។ ខ្ញុំជាអ្នករត់ឡាន មិនមានទ្រព្យសល់ច្រើននោះឡើយ»។
អាការជំងឺរបស់លោក ឃុត សំណាង ដែលធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះគឺ លោកហត់ពេលនិយាយច្រើន និងឈឺរបួសខ្លាំងពេលលាងមុខរបួសរាល់ពេលបីថ្ងៃម្ដង។ លោកថា៖ «ដោយសារតែមានរបរជាអ្នករត់តាក់ស៊ី ខ្ញុំតែងតែផ្លាស់ទីចល័តច្រើន។ ដូច្នេះអារម្មណ៍របស់លោកនាពេលបច្ចុប្បន្ន គឺពិតជាពិបាកខ្លាំងណាស់។ «ខ្ញុំតប់ប្រមល់ខ្លាំងណាស់ ដែលនៅតែមួយកន្លែង ហើយមិនបានងូតទឹក។ ខ្ញុំសង្ឃឹមថា អាចទៅផ្ទះវិញបានឆាប់ៗ»៕Thmey Thmey