ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកស្យុង ប៉ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរអគុណចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានបង្ក្រាបរាល់ជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសបានទាន់ពេលវេលា ក្រោយពីជនជាតិចិនទាំងនោះ បានបង្កភាពអនាធិបតេយ្យ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាកត្តាធ្វើឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋខ្មែរ។
ឯកអគ្គរដ្ឋទូតចិនរូបនេះបានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខ ដូចជាការបង្ក្រាបសបទល្មើសផ្សេងៗរួមមាន បទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើបេស្យាចារ្យផ្សេងៗនៅក្នុងទឹកដីកម្ពុជា។ ទង្វើរបស់ជនជាតិចិនទាំងនោះ បានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល ។ លោកថា ការធានានូវសន្តិសុខរឹងមាំនេះ គឺជាកិច្ចការមានសារៈសំខាន់បំផុត ដែលភាគីទាំងពីរត្រូវបន្តមិនអាចខ្វះបាននោះឡើយ។
ផ្អែកតាមទិន្នន័យស្ដីពីលទ្ធផលបង្ក្រាបបទល្មើស របស់អគ្គស្នងការនគរបាលជាតិបានបង្ហាញថា ជនជាតិចិនបានឈរលើលំដាប់លេខមួយ ក្នុងចំណោមជនជាតិផ្សេងទៀតដែលប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជា។ រយៈពេល៦ខែ ឆ្នាំ២០១៨នេះ ជនបរទេសបានប្រព្រឹត្តបទល្មើសនៅកម្ពុជាចំនួន៨៨ករណី។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបាន៣៧៨នាក់ មាន២៥សញ្ជាតិ។
ថ្មីៗនេះលោកសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា កម្លាំងសមត្ថកិច្ចត្រូវតែបង្ក្រាបចំពោះជនជាតិចិនណាដែលធ្វើខុសច្បាប់ និងថានគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនខុសច្បាប់ ដែលលួចរស់នៅកម្ពុជាផងដែរ។
កំណើនជនជាតិចិនលើទឹកដីកម្ពុជា ធ្លាប់ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា មានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ រដ្ឋាភិបាលស្នើឲ្យពលរដ្ឋកុំបារម្ភចំពោះជនជាតិចិន ព្រោះអាជ្ញាធរបាន និងកំពុងរឹតបន្តឹងច្បាប់គ្រប់កិច្ចការនេះហើយ៕
ThmeyThmey