នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញចំណូលសម្រាប់ត្រីមាសទី ១ ឆ្នាំ២០១៩ ថាក្រសួងបានចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ៩,៣០៤,៧៦៩,២៩០ រៀល (ជាង ២លានដុល្លារ) និង ៦៩,២៨១ ដុល្លារ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩នេះ។
ដែលចំណូលទាំងនោះមានក្រុមហ៊ុនចំនួន ៥ បាននាំចេញផលិតផលគ្រឿងសង្ហារឹម និងរានទេវតាពីឈើនាំចូល និងឈើកែឆ្នៃ ទៅក្រៅប្រទេស និងបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ ៣ក្រុមហ៊ុន និងផ្ដល់អាជ្ញាប័ណ្ណនាំចូលអនុផលព្រៃឈើដល់ ២ក្រុមហ៊ុន។ ក្រសួងក៏បានចុះពិនិត្យលក្ខណៈបច្ចេកទេសលើ ក្រុមហ៊ុន សិប្បកម្មអារ-កែច្នៃឈើ ចំនួន ១៥ កន្លែងផងដែរ។
គួររម្លឹកថា ក្រសួងប្រមូលបានចំណូលសរុបប្រមាណជាង ៤,៥លានដុល្លារ ពីរសួយសារផល អនុផលព្រៃឈើ កាលពីឆ្នាំ២០១៨។
តែបើក្រឡេកទៅមើលប្រទេសវៀតណាមជិតខាងយើង ចំណូលបានពីការលក់ឈើ និងផលិតផលធ្វើពីឈើនៅឯក្រៅប្រទេសរបស់វៀតណាមនាចន្លោះ ខែមករា និងខែតុលា ឆ្នាំ២០១៨ មានការកើនឡើង ១៤.៩ភាគរយ ជាមួយថវិកាជិត ៧.២ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧។
នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់សមាគមផលិតផលព្រៃឈើ នៃប្រទេសវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា បើតាមការព្យាករណ៍របស់សមាគមខាងលើ វៀតណាមទំនងជានឹងអាចរកចំណូលពីការនាំចេញឈើ និងផលិតផលធ្វើពីឈើបានប្រហែល ៩ពាន់លានដុល្លារ នៅពេញមួយឆ្នាំ២០១៨នេះ ខណៈឆ្នាំមុនប្រទេសអាស៊ានមួយនេះរកបានជាង ៧.៦ពាន់លានដុល្លារ ដោយយោងលើតម្រូវការកើនឡើងក្នុងទីផ្សារពិភពលោក៕