លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក្នុងពិធីស្រាបបួសខែរ៉ាម៉ាឌន ឆ្នាំទី៦ នាល្ងាចថ្ងៃទី៧ ខែឧសភានេះបានថ្លែងបញ្ជាក់ជាថ្មី ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាពរក្សាសុខសន្តិភាព ដែលរកបានដោយលំបាកនោះ
រីឯគណបក្សផ្សេងទៀត បើទោះបីជាមានទ្រីស្ដីល្អបែបណាក៏ដោយ ក៏មិនទាន់បានបង្ហាញ តួនាទីជាអ្នកបង្រួបបង្រួមជាតិ ឬជាតួអង្គការពារសន្តិភាពនៅឡើយទេ។
លោកហ៊ុន សែន បានថ្លែងបញ្ជាក់ ថា”បងប្អូនអាចយល់បានហើយ ថា អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សានូវសន្តិភាព ដែលយើងរកបានដោយលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាពធ្វើបែបនេះ
គណបក្សដទៃ ទោះបីជាមានទ្រីស្ដីល្អយ៉ាងណាក៏ដោយ មិនទាន់បានបង្ហាញតួនាទី ជាអ្នកបង្រួបបង្រួមជាតិ មិនទាន់បានបង្ហាញតួនាទី ជាតួអង្គដើម្បីការពារសន្តិភាព ការពារនូវដំណើរការអភិវឌ្ឍន៍នោះទេ”។
ប្រធានបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន បានថ្លែងបន្តទៀត ថា គណបក្សដទៃ គ្រាន់តែចេះនូវការបំបែកបំបាក់ ដូចដែលគណបក្សទាំងនោះ ធ្លាប់បានធ្វើ កាលពីអតីតកាលកន្លងទៅនេះ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានអរគុណដល់អ្នកកាន់សាសនាអ៊ីស្លាម និយាយដោយឡែក និងប្រជាជនកម្ពុជាភាគច្រើន និយាយជារួម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជាបន្តទៀតនេះ៕vayofm