មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលក្នុងកំឡុងពេលដាក់កម្លាំងតាមផ្លូវ ដើម្បីត្រួតពិនិត្យរថយន្ត ក៏បានធ្វើការឃាត់បានរថយន្តម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស មួយគ្រឿងដែលសង្ស័យថាមានពាក់ព័ន្ធនឹងករណីលួច ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងទីតាំងស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តម៉ាក លុចស៊ីស RX300ដែលត្រូវបានសមត្ថកិច្ចឃាត់នោះមានពណ៌មាន និងមានពាក់ស្លាកលេខភ្នំពេញ 2P-8959 ធ្វើដំណើរដោយជនជាតិចិនចំនួន២នាក់

ដែលម្នាក់មានឈ្មោះថា ចាង ជីនស៊ីន ភេទប្រុសអាយុ ៣៣ ឆ្នាំ ស្នាក់នៅភ្នំពេញ និងម្នាក់ទៀតមានឈ្មោះថា សែវ ជីន ភេទស្រីអាយុ ៣៤ ឆ្នាំសព្វថ្ងៃស្នាក់នៅភ្នំពេញ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងការបង្ក្រាប និងឃាត់បានរថយន្តនោះផងដែរ សមត្ថកិច្ចក៏បានធ្វើការដកហូតបាន កាំបិតចុងស្រួចចំនួន១ អត្តសញ្ញាណប័ណ្ណ ២ សន្លឹក កាបូបចំនួន ២ លុយដុល្លារ ៣២០ដុល្លារ និងទូរស័ព្ទចំនួន១គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕