កងល្បាតព្រំដែនទឹកឥណ្ឌូណេស៊ីនៅថ្ងៃចុងសប្តាហ៍មុន បានពន្លិចទូកនេសាទវៀតណាម ១៣ គ្រឿង ដែលចូលនេសាទខុសច្បាប់ក្នុងដែនអធិបតេយ្យរបស់ខ្លួន និងសន្យាបន្តបេសកកម្មប្រយុទ្ធប្រឆាំងរាល់សកម្មភាពនេសាទខុសច្បាប់នានានៅក្នុងប្រទេស។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ៥ ឧសភា។
តាមប្រភពដដែលនោះ លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ី Susi Pudjiastuti បានប្រកាសការពារគោលនយោបាយរបស់ខ្លួន ថា ការកម្ទេចទូកនេសាទទាំងនេះ គឺដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ីប៉ុណ្ណោះ។
លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖« ធនធានសមុទ្ររបស់យើង គួរតែប្រជាជនរបស់យើងជាអ្នកទទួលផល មិនមែនអ្នកនេសាទបរទេសនោះទេ»។
ជុំវិញចំណាត់ការក្តៅនេះដែរ លោករដ្ឋមន្ត្រី ដែលជាញញឹកញាប់ប្រើពាក្យ «ពន្លិចចោលទាំងអស់ទៅ»
លើទូកនេសាទខុសច្បាប់ បានអះអាងផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានព្រមានតាមរយៈមន្ត្រីទូត របស់បណ្តាប្រទេសដែលទូកនេសាទជាប់សញ្ជាតិដូចគ្នា។
សូមជម្រាបផងដែរថា ឥណ្ឌូណេស៊ី បានចាប់ផ្តើមចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការនេសាទខុសច្បាប់ ចាប់តាំងពីលោកប្រធានាធិបតី ចូកូ វីដូដូ ឡើងកាន់តំណែងក្នុងឆ្នាំ២០១៤មក។
វិធានការនេះ ធ្វើឡើងក៏ដោយសារតែការនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ីបាត់បង់ចំណូលជាតិជាច្រើនលានដុល្លារ ។
បើតាមការអះអាងរបស់មន្ត្រីឥណ្ឌូណេស៊ី សកម្មភាពនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ី បាត់បង់ចំណូលរហូតដល់២៥ពាន់លានដុល្លារក្នុងមួយឆ្នាំឯណោះ។
តាមរបាយការណ៍របស់ក្រសួងកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ី គិតចាប់ពីឆ្នាំ២០១៤ ឥណ្ឌូណេស៊ី បានបំផ្លាញទូកនេសាទខុសច្បាប់ជាច្រើនរយគ្រឿងដែលមកពីបណ្តាប្រទេសដូចចិន, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន និងវៀតណាមជាដើម។
ជាកត់សម្គាល់នោះ ទូកនេសាទខុសច្បាប់មកវៀតណាម មានច្រើនជាងគេជាមួយនឹងតួលេខរហូតដល់ជាង២០០គ្រឿង ខណៈហ្វីលីពីន ថៃ និងម៉ាឡេស៊ី នៅលំដាប់បន្តបន្ទាប់គ្នា៕ Thmey Thmey