មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់បុរសម្នាក់បានដេកស្លាប់នៅតាមផ្លូវយ៉ាងអណោចអាធម៌ ជាច្រើនថ្ងៃមកហើយ តែមិនមានអ្នកដឹង ទើបតែធុំក្លិនចំលែកទើបដឹង

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ ឆ្នាំ២០១៩តាមបណ្ដោយផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ ត្រង់ចំណុចភូមិដំណាក់ស្មាច់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាសាកសពមានអាយុប្រហែល២៨ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្កាឈូក និងស្លៀកខោវែង ពណ៌ប្រផេះ និងម៉ូតូម៉ាកហុងដាឌ្រីម ស្លាកលេខព្រះវិហារ 1C-9933 សពមានសភាពហើមនិងធុំក្លិន ជាមួយស្នាមបែកផ្ទៃខាងមុខជាច្រើនកន្លែង។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា សពនេះ បានស្លាប់ប្រហែល ២ ទៅ ៣ ថ្ងៃមកហើយ ដោយម៉ូតូខូចខាតមួយកំណាត់មុខ និងមានដើមឈើដាច់រលាត់ នៅក្បែរនោះផងដែរ។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង។ បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់នៅវត្តគូលែន ដើម្បីរង់ចាំសាច់ញាតិ មកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ CR: 7newskh