(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកលោក Leonardo Vitorino ជាផ្លូវការហើយ បន្ទាប់ពីគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះដឹកនាំក្រុម ទទួលលទ្ធផលមិនបានល្អ សម្រាប់៦ប្រកួតនាដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។
អតីតក្រុមជើងឯក ៦សម័យកាល បានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបដល់អ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹប និងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការ ក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ»។
ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានប្រកាស បន្ទាប់ពីលោក Leonardo បានដឹកនាំក្រុមភ្នំពេញក្រោនចំនួន ៦សប្ដាហ៍នៃលីគកំពូលកម្ពុជា ដោយបញ្ចប់ជាមួយលទ្ធផលឈ្នះ២ និងចាញ់៤ ដែលជាលទ្ធផលដ៏អាក្រក់មួយ សម្រាប់តោកំណាចចាស់វស្សានេះ ដែលពុំធ្លាប់ជួបពីមុន គ្រាដែលប្រកួតចុងក្រោយ គឺបានចាញ់ក្រុមណាហ្គាវើល ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ៕