គ្រួសារមួយមានសមាជិក ៤នាក់ ទៅលេងសួនសត្វ Beekse Bergen ប្រទេសហូឡង់ ក៏បានចូលទៅជិតហ្វូងសត្វខ្លា ហើយត្រូវខ្លាដេញទាំងកម្រោល ធ្វើឲ្យពួកគេរត់ប្រាស់អាយូសរៀងៗខ្លួន។មុនពេលកើតហេតុ គេឃើញគ្រួសារនេះជិះរថយន្តដើរមើលសត្វក្នុងឧទ្យានដូចអ្នកចូលទស្សនាដទៃទៀតធម្មតាយ៉ាងសប្បាយរីករាយ។
ប៉ុន្តែអ្វីមិននឹកស្មាននោះ ឪពុកម្ដាយបានបើកទ្វាររថយន្តដើរចុះទៅជិតខ្លារខិន ដើម្បីបានមើលជិត និងថតរូបទុកជាអនុស្សាវរីយ៍។ ពួកគេបានដឹកដៃកូនតូចៗដើរសំដៅទៅលើទួលមួយក្បែរខ្លា ទោះដឹងថា មិនមានរបង ឬឧបករកណ៍អ្វីការពារខ្លួនក៏ដោយ។
ជាសំណាងអាក្រក់ មានសត្វខ្លារខិនមួយក្បាលទៀត បានរត់ពីកន្លែងផ្សេង ឆ្ពោះទៅកាន់គ្រួសារនេះ ពេញមួយទំហឹង រួចគំរាមខាំ និងដេញសង្គ្រុបភ្លាមៗផងដែរ ធ្វើឲ្យសមាជិកគ្រួសារដដែល រត់ជែងជើងគ្នាយករស់រៀងៗខ្លួន។
ពួកគេបានរត់ចូលរថយន្តវិញទាំងញ័រខ្លួនព្រលឹងចុងសក់។ អ្វីកាន់តែធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតចាប់អារម្មណ៍ផង ហួសចិត្តផងនោះ គឺបុរសជាឪពុកបានរត់យករួចខ្លួន ចោលកូន ចោលប្រពន្ធ សំដៅទៅកាន់រថយន្តមុន ចំណែកឯប្រពន្ធជាអ្នកការពារកូន ពរកូនរត់ទៅតាមក្រោយ។
តាមរយៈវីដេអូចែកចាយលើអនឡាញ ចំណុចមួយដែលគួរឲ្យខ្លាចបំផុតនោះគឺ ស្ត្រីជាម្ដាយពរកូន រត់ជិតដល់រថយន្ត ត្រូវខ្លារត់សង្គ្រុប តែសំណាងវាមិនទាន់ហ៊ានប៉ះមនុស្ស។
បន្ទាប់ពីចូលរថយន្តរួចអស់ហើយ ពួកគេក៏បានបើករថយន្តធ្វើដំណើរទៅមុខទៀតទាំងប្រញាប់។ វីដេអូនេះ ត្រូវបានអ្នកចូលទស្សនាដូចគ្នា ជិះរថយន្តតាមក្រោយថតបាន ទាំងអារម្មណ៍ភិតភ័យបុកពោះជំនួស នូវហេតុការណ៍ព្រឺឆ្អឹងខ្នងខាងលើ។
ចំណែកអ្នកនាំពាក្យឧទ្យាន Beekse Bergen Safari Park បានរៀបរាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយហូឡង់ NOS ថា ពួកគេបានរឹតបន្តឹងខ្លាំងណាស់ចំពោះអ្នកចូលទស្សនា គឺមិនឲ្យចុះចេញពីរថយន្តទេត្រង់ចំណុចគ្រោះថ្នាក់ និងបកប្រែជាច្រើនភាសាទៀតផង តែមិនដឹងថា គ្រួសារមួយនេះបានជ្រាប ឬអត់ទេ។ ពួកទំនងជាអ្នកចំណូលថ្មី៕ (ប្រភព៖ Morning Fresh)
សូមទស្សនាវីដេអូនៅខាងក្រោម៖