សៀមរាប៖ មានគ្រួសារមួយនៅខេត្តសៀមរាបបាន បា ត់ កូនពីផ្ទះអស់ច្រើនថ្ងៃ ហើយឪពុកម្តាយបានដើររក ស្រាប់តែប្រទះឃើញក្លាយជាលោកនេននិងបាននិមន្តបិណ្ឌបាតតាមផ្លូវ ក៏មានការប្រតាយប្រតប់គ្នារវាងភិក្ខុសង្ឃអង្គនោះ និងឪពុកម្ដាយ និងបានចាប់គ្រៀកដាក់កង់បីយកទៅសួរនាំ។
ការសួរនាំនោះ បានបែកធ្លាយថា ភិក្ខុមួយអង្គបានលួងលោមយកទៅបំបួសក្មេងដោយខ្លួនឯង ដែលខុសពីពុទ្ធវិន័យ ដើម្បីឱ្យនិមន្តបិណ្ឌបាតប្រមូលលុយឱ្យខ្លួនស៊ីចាយ ហើយត្រូវបានព្រះអនុគណក្រុងសៀមរាប ចាប់សឹកឱ្យទៅជាគ្រហស្ថវិញ។
សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ករណីនោះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេសៀមរាប។ ទាក់ទិននឹងភិក្ខុសង្ឃអង្គនោះ គឺ ជាការចាប់ផ្សឹកលើកទី២ហើយ ដែលលើកទី១ ភិក្ខុព្រះនាម ពិន ពិសី ព្រះជន្ម៣៦ឆ្នាំ កាលពីប៉ុន្មានឆ្នាំមុន បានបួសទៅវត្តពោធិ៍ពីរដើម បានរយៈពេល១ឆ្នាំ ត្រូវបានចៅអធិការវត្តឱ្យសឹកចេញពីវត្ត ព្រោះតែមានស្រីញីនៅក្នុងវត្ត។
ចំណែកលើកទី២នេះ ត្រូវបានព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូងជាអនុគណក្រុងសៀមរាប ចាប់សឹកឱ្យទៅជាគ្រហស្ថវិញ ព្រោះបានបបួលក្មេងដោយខ្លួនឯង ដើម្បីដើរបិណ្ឌបាតជាមួយដើម្បីរកលុយ បន្ទាប់ពីឪពុកម្តាយក្មេងប្រុសនោះបានបាត់កូនចេញពីផ្ទះអស់រយៈពេល៤ថ្ងៃ និងបានតាមរក ទើបប្រទះឃើញនិមន្តបិណ្ឌបាតជាមួយសង្ឃចំនួន២អង្គផ្សេងទៀត។
បើតាមសម្តីរបស់ឪពុកម្តាយក្មេងប្រុសរស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ និងកំំពុងនៅសិក្សា បានបាត់ពីផ្ទះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយពួកគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ ក្រុងសៀមរាបឱ្យជួយរក។
លុះរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ក៏ត្រូវបានក្មួយរត់ម៉ូតូនៅមុខផ្សារលើប្រទះឃើញកំពុងនិមន្តបិណ្ឌបាត ហើយពេលនោះក្មួយគាត់ក៏បានហៅទូរស័ព្ទប្រាប់។ មួយសន្ទុះក្រោយមកគាត់ និងប្រពន្ធ ព្រមទាំងក្មួយក៏បានទៅចាប់អូសដៃកូននេនចេញ ប៉ុន្តែភិក្ខុអង្គនោះ មិនព្រមឱ្យក៏មានការប្រតាយប្រតប់គ្នាទើបមានអាជីវករនៅក្បែរនោះជួយឃាត់។ មួយសន្ទុះក្រោយមកទើបឃើញសន្តិសុខផ្សារលើធំថ្មី បានទៅហៅឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម។
ដោយឃើញស្ថានភាពជាភិក្ខុសង្ឃ ទើបសមត្ថកិច្ចមូលដ្ឋានបានដឹកសង្ឃ និងកូននេនដែលខ្លួនបំបួសដោយខ្លួនឯង និងឪពុកម្តាយនាំយកទៅវត្តក្បាលខ្មោច ដែលមានចៅអធិការវត្តព្រះនាម ឡាច លាង និងជាព្រះអនុគណក្រុងសៀមរាប ខណៈពេលនោះ ចៅអធិការវត្តអវត្តមាន។ ប៉ុន្តែមានវត្តមានព្រះគ្រូចៅអធិការវត្ត ឥន្ទកោសីយ៍ ហៅវត្តកណ្តាល ព្រះនាម តាត មហាទី និងព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូងព្រះនាម ព្រះខន្តិ រង្សី ព្រះវិន័យធរអនុគណ ក្រុងសៀមរាប ជំនុំគ្នាសម្រេចចាប់ផ្សឹកភ្លាមៗតែម្តង។
ព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូងព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរអនុគណក្រុងសៀមរាបមានថេរដីការថា ព្រះអង្គត្រូវតែធ្វើកំណត់ហេតុដើម្បីឱ្យភិក្ខុ ពិន ពិសី ផ្តិតមេដៃសឹកក្នុងពេលនោះ ដើម្បីកុំឱ្យល្មើសនឹងច្បាប់ព្រះពុទ្ធសាសនា។ ចំណែក ភិក្ខុ ពិន ពិសី ព្រះជន្ម៣៦ព្រះវស្សាបានទទួលស្គាល់ថា ពិតជាបានដើរបិណ្ឌបាតមិនប្រក្រតី និងបោកក្មេងៗឱ្យទៅបំបួសមែន និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះត្រូវឱ្យសឹកចេញទៅជាគ្រហស្ថធម្មតាវិញ៕ អត្ថបទ៖ clicknews