មន្ត្រីកាំកុងត្រូលសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បាននាំយកម្ហូបចំណី បន្លែ ផ្លែឈើ ប្រហិតត្រី យកទៅធ្វើការពិសោធន៍ គឺលទ្ធផលបញ្ជាក់ថា គ្មានផ្ទុកសារជាតិគីមីឡើយ។
យោងតាមប្រភពពីលោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ មន្ត្រីកាំកុងត្រូលដែលប្រចាំការ នៅខណ្ឌច្បារអំពៅ បានមកសហការជាមួយតាមបណ្តាផ្សារក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរួមមានបន្លែ ផ្លែឈើ ម្ហូបចំណី និងប្រហិតត្រី សរុប១០៤មុខយកទៅធ្វើការពិសោធន៍ នៅក្នុងរថយន្ត សម្រាប់ការពិសោធន៍ គឺលទ្ធផលពុំមានផ្ទុកសារជាតិគីមីអ្វីឡើយ។
លោក គួច ចំណាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ បងប្អូនអាជីវករ ដែលកំពុងលក់ដូរ នៅតាមបណ្តាផ្សារ គឺពុំបានយកម្ហូបចំណីរត្រីសាច់ បន្លែ បង្ការដែលផ្ទុកសារជាតិគីមីមកលក់ដូរ ក្នុងផ្សារទៀតហើយ ព្រោះតែការយល់ដឹងពីច្បាប់ទម្លាប់ ក៏ដូចជាប៉ះពាល់ដល់សុខភាពទាំងពួកគាត់ ក៏ដូចជាម៉ូយមកទិញរាល់ថ្ងៃ។
លោកប្រធានគ្រប់គ្រងផ្សារច្បារអំពៅបានបន្តថា សព្វថ្ងៃអ្នកលក់ដូរក្នុងផ្សារតែងតែទិញនិងដូរពីគ្នាទៅវិញទៅមក ដូច្នេះហើយពួកគាត់មិនហ៊ានយកទទួលទានចំណីណា ដែលមានផ្ទុកសារជាតិគីមីមកដាក់លក់ឡើយ។ ម្យ៉ាងទៀត ខ្លាចខូចឈ្មោះផ្សារ ដែលជាឆ្នាំងបាយរបស់ពួកគាត់។
ពេលឃើញលទ្ធផលល្អប្រសើរបែបនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានសំដែងនូវក្តីរំភើបរីករាយពេល ដែលបងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលមានការយល់ដឹងពីបញ្ហាសុខភាព ដោយបងប្អូនលក់តែម្ហូបចំណីណា ដែលគ្មានផ្ទុកសារជាតិគីមីដូចសព្វថ្ងៃនេះ៕ អត្ថបទ៖ កម្ពុជាថ្មី