រហូតមកដល់ពេលនេះសំណុំរឿងវិវាទរវាងអ្នកនាងទ្រី សុផានិត ជាមួយនឹងប្អូនស្រីរបស់ខ្លួន គឺអ្នកនាង ទ្រី ដាណា នៅមិនទាន់ដល់ការជំនុំជម្រះនៅឡើយទេ ខណៈអ្នកនាង សុផានិត នៅតែមិនទាន់អាចឡើងតុលាការបានព្រោះបញ្ហាសុខភាពធ្ងន់ធ្ងរ ។
យ៉ាងណាមិញរហូតមកដល់ពេលនេះក៏នៅមិនទាន់មានការបញ្ជាក់ទេថាអ្នកលក់ផលិតផលតាមអនឡាញរូបនេះ មានជំងឺអ្វីនោះទេ បានជាដួលសន្លប់ស្ដូកស្ដឹងបែបនេះ ។
បញ្ហាសុខភាពរបស់អ្នកនាង ទ្រី សុផានិត កាន់តែបញ្ជាក់ច្បាស់ទៀតនៅពេលដែលលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជិតស្និទនឹងគ្នានោះបានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ ហើយក៏ឃើញថាអ្នកនាងទ្រី សុផានិត គេងលើគ្រែពេទ្យស្ដូកស្ដឹងមិនដឹងខ្លួននោះទេ ។
ដោយសារតែក្ដុកក្ដួលពេកឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារមួយថា៖ «ប្អូនមកមើលសោរហូតប្អូនឈឺតែប្អូនដើរបាន តែសោឈឺដើរអត់បានគេងនៅគ្រែរហូតលើសពីអាណិតណាស់សោ សោមានដឹងអត់ថាកូនៗសោកនៅចាំសោនៅផ្ទះណាសោណា…. ចង់មកជួបសោពេលសោដឹងខ្លួនណាស់តែមិនបានមកទាន់សោដឹងខ្លួនសោះ សង្ឃឹមស្អែកមកមើលចំពេលសោដឹងផងចុះ»។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។
ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ៕ អត្ថបទ៖ ប្រជាប្រិយ