រាជធានីភ្នំពេញ ៖ លោកគ្រូពេទ្យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភលើនារីម្នាក់នៅក្នុងបន្ទប់ ខណៈដែលនាងកំពុងដេកមិនដាក់គន្លឹះទ្វារ ហើយត្រូវម្តាយនារីរងគ្រោះមកទាន់ ទាញទ្វារបិទ ហើយស្រែកឆោឡោ រួច រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនបានតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ជនសង្ស័យមានឈ្មោះ ម៉េត សាម៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូពេទ្យ មានទីលំនៅផ្ទះលេខ(២២) ២៣៤ ផ្លូវលេខ៤៦៧K១៤ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកនារីរងគ្រោះឈ្មោះ គម អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
បើតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នាងកំពុងដេកនៅក្នុងបន្ទប់ មានបាំងដោយវាំងនន ដោយបានបិទទ្វារ តែមិនបានចាក់គន្លឹះនោះទេ ។ លុះដល់វេលាប្រហែលម៉ោងជិត១០យប់ ថ្ងៃទី០៥ ខែឧសភា រូបនាងបានឮសំឡេងបើកទ្វារ ពេលនោះនាងក៏ដើរទៅមើល ស្រាប់តែមានជនសង្ស័យម្នាក់ ស្ទុះមកចាប់ឱបថើបនាងពីក្រោយ រួចផ្តួលរូបនាងទៅលើគ្រែ ហើយធ្វើសកម្មភាពដោះខោអាវនាងចេញ និងបានធ្វើសកម្មភាពរួមភេទតែម្តង ។
ពេលកំពុងប្រតិបត្តិការ ស្រាប់តែម្តាយនារីរងគ្រោះមកទាន់ បានបិទទ្វារជាប់ ពីខាងក្រៅ និងស្រែកឆោឡោឡើង ផ្អើលអ្នកជិតខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់បានភ្លាមៗតែម្តង ។
សមត្ថកិច្ច បានអោយដឹងថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនគ្រូពេទ្យល្មោភកាមម្នាក់ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ និងបានដកហូតវត្ថុតាងដូចជា ថ្នាំពេទ្យម៉ាក OMEPRIM មួយបន្ទះ ២កំណាត់ និងទូរស័ព្ទចំនួន១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរំលោភលើនារីរងគ្រោះពិតប្រាកដមែន ។
យា់ងណាំ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕ ប្រភព: kbn.news