តាមរបាយការណ៍បញ្ជាក់ពីកូរ៉េខាងត្បូងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ឧសភានេះកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មីស៊ីលនោះបាញ់ចេញពីតំបន់ភាគខាងកើតប្រទេស គឺចេញពីតំបន់Hodo មានរយៈចម្ងាយចន្លោះពី៧០ទៅ២០០គីឡូម៉ែត្រ។ ខណៈនេះនៅមិនទាន់កំណត់អត្ដសញ្ញាណមីស៊ីលបានទេ ដោយក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមជំនាញរបស់ខ្លួនកំពុងវិភាគព័ត៌មានបន្ថែម។
ការបាញ់មីស៊ីលយ៉ាងភ្ញាក់ផ្អើលដូច្នេះ ធ្វើឡើងបន្ទាប់ពីកិច្ចជំនួបលើកទីពីររវាងលោកគីម ជុងអ៊ុនជាមួយលោកដូណាល់ ត្រាំ នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី២៧-២៨ខែកុម្ភៈ បិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ កូរ៉េខាងជើងនិងអាមេរិកពេលនេះកំពុងជាប់គាំងក្នុងដំណើរការរំលាយនុយក្លេអ៊ែរ ព្រោះចរចាមិនត្រូវលើលក្ខខណ្ឌដកទណ្ឌកម្មសេដ្ឋកិច្ច។
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលកូរ៉េខាងជើងផ្អាកធ្វើតេស្ដមីស៊ីល ក្រោយពីបានជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិក។ ជាងមួយឆ្នាំនេះស្ថានការណ៍នៅលើឧបទ្វីបកូរ៉េក៏បានស្ងប់ស្ងាត់ និងមានរឿងល្អៗជាច្រើបានកើតឡើងក្រោយពេលលោកគីម ជុងអ៊ុនបានព្រមព្រៀងជាមួយកូរ៉េខាងត្បូងនិងអាមេរិក។
ប៉ុន្ដែបញ្ហាជាប់គាំងធំបំផុតបច្ចុប្បន្ន គឺការរំលាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ ការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើងបានសន្យាជាមួយកូរ៉េខាងត្បូងនិងអាមេរិក ប៉ុន្ដែដំណើរការរំលាយដើរទៅមុខយឺតបំផុត។ កូរ៉េខាងជើងមិនពន្លឿនការរំលាយនុយក្លេអ៊ែរ ដោយសារអាមេរិកមិនព្រមដកទណ្ឌកម្មចេញខ្លះ។ កូរ៉េខាងជើងធ្លាប់ប្រតិកម្មថាប្រសិនបើអាមេរិកមិនដកទណ្ឌកម្ម កូរ៉េខាងជើងក៏មិនបំផ្លាញអាវុធនុយក្លេអ៊ែរដែរ។ កូរ៉េខាងជើងសង្កត់ធ្ងន់ថាបើស្ថានភាពមិនស្រួល ខ្លួននឹងវិលទៅចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរដូចដើម។
ដូច្នេះតើកូរ៉េខាងជើងពិតជាលែងខ្វល់ពីអ្វីដែលបានសន្យាមែនឬ? តើនេះជាសារព្រមានទៅអាមេរិកនិងកូរ៉េខាងត្បូងជាថ្មី?vayofm