ជាការ​ពិតណាស់ ទោះបីជា​ស្ថានភាព​គ្រួសារ​ក្រីក្រ​មែនពិត តែ​ឪពុកម្តាយ​ជា​អ្នកក្រ​មួយចំនួន ពុំ​បណ្តែតបណ្តោយ​ឲ្យ​កូន​ជួប​ការលំបាក​ដូចជា​ពួកគាត់​នោះទេ ដោយ​ពួកគាត់​ខិតខំ​​ប្រឹងប្រែង​រកស៊ី​អស់ពី​លទ្ធភាព ដើម្បី​ឲ្យ​កូន​បាន​រៀន​មានចំណេះដឹង​ខ្ពង់ខ្ពស់​នឹង​គេ ក្នុង​ក្តីសង្ឃឹម​ជួយ​ដល់​គ្រួសារ​មួយ​នេះ​មានមុខមាត់ កិត្តិយស​នៅ​ថ្ងៃ​អនាគត ។​

​ជាក់ស្តែង ប្តី​ប្រពន្ធ​វ័យៗ​ចំណាស់​មួយ​ដែលជា​អ្នកក្រ រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ទទួល​បានការ​កោតសរសើរ​យ៉ាងខ្លាំង ព្រោះថា ពួកគាត់ ដែល​ប្តី​ជា​កម្មករ រីឯ​ប្រពន្ធ​ជា​អ្នកស៊ីឈ្នួល​បោក​ខោអាវ​ឲ្យ​គេ តែ​ពួក​គាត​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រកលុយ​មិន​គិតពី​ការនឿយហត់​ឡើយ ដើម្បី​ឲ្យ​កូនស្រី​ម្នាក់​បាន​រៀន​រហូតដល់​ថ្នាក់​ទី​១២ និង​ប្រឡង​ជាប់​សិស្ស​ពូកែ​ថ្នាក់ជាតិ​ផ្នែក​អក្សរសិល្ប៍ តំណាង​ខេត្តបន្ទាយមានជ័យ​តែ​ម្នាក់​គត់ ដោយបាន​ចំណាត់ថ្នាក់​លេខ​៤ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sideth Duong បាន​បង្ហោះ​ជាមួយ​ក្តីរំភើប​ជំនួស​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​គឺជា​សិស្ស​នៃ​វិទ្យាល័យ​មង្គល​បូរី​ថ្នាក់​ទី​១២B ដែល​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ថ្នាក់ជាតិ​ផ្នែក​អក្សរសិល្ប៍ តំណាង​ខេត្តបន្ទាយមានជ័យ​តែ​ម្នាក់​គត់ ដោយបាន​ចំណាត់ថ្នាក់​លេខ ៤​។

គ្រួសារ​នាង​ក្រីក្រ ដោយ​ឪពុក​ជា​កម្មករ ម្តាយ​សុ​ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​គេ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ប្អូន​មិន​បណ្តែតបណ្តោយ​ខ្លួន​តាម​ស្ថានភាព​គ្រួសារ​ឡើយ ផ្ទុយទៅវិញ​ប្អូន​បាន​ប្រឹងប្រែង​រៀនសូត្រ រហូត​មាន​លទ្ធផល​ដូច​ថ្ងៃនេះ​។ ដូច្នេះ​សូម​អំពាវនាវ​បងប្អូន​ដែលមាន​ធនធាន មេត្តាជួយ​ដល់​នាង​តាម​លទ្ធភាព​ផង​។​»​ ៕

ប្រភព: ksn.news