ភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ ត្រូវមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្ខពួកដកកាំភ្លើងបាញ់៥គ្រាប់សំដៅមកលើរថយន្តកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣កែង និងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវជនបង្កបាញ់ប្រហា៥គ្រាប់ខាងលើ មានឈ្មោះ ភូ រីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកហ្គាវើល ស្នាក់នៅជាមួយគ្នា។
ចំណែកជនបង្កឈ្មោះ ដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ មកអធិការដ្ឋានខណ្ឌច្បារអំពៅភ្លាមៗ។
បើកតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ចេញពីហូបអីនៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លិបកម្សាន្តរ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-51 53 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងរន្ធើនដាក់រូបគាត់ ទើបរូបគាត់បន្ថយល្បឿនឈប់ចុះមកសួរថា មានរឿងអី? រីឯជនបង្កឆ្លើយថា អញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី?
ប្រភពបន្តថា បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ក៏ឡើងលើរថយន្តបើកចេញទៅ ទើបជនបង្កបើកតាមពីក្រោយហើយមកគៀកឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
ស្រាប់តែជនបង្កបើករថយន្តមកកាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះបើកថយក្រោយបត់ក្បាលរថយន្តចេញ ក៏ស្រាប់តែជនបង្កម្នាក់ ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោ រហូតដល់សន្លប់បាត់ស្មារតី រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុមួយភ្លេត ក៏ត្រឡប់មកវិញ។
ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីរពេទ្យឯកជន រីឯបុរសរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងទៅលើជនបង្កទាំង២នាក់ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់៕