ស្ទឹងត្រែង៖ នៅថ្ងៃទី០១ ឧសភា ២០១៩ នេះសមត្ថកិច្ចខាងកម្លាំងកងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម៤នាក់ ដែលប្រើប្រាស់កាំភ្លើង ជាមួយនិងគ្រាប់ប្រភេទកែច្នៃ ជាច្រើនគ្រាប់ ធ្វើការបាញ់ទៅលើសត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ដែលត្រូវបានការពារ និងអភិរក្ស។
សមត្ថកិច្ចអាវុធហត្ថស្រុកសេសាន បានរកឃើញសត្វព្រៃប្រភេទទន្សាយគល់ និងកាំភ្លើងជាមួយគ្រាប់ជាច្រើន ដែលពួកគេបានរក្សាទុកនៅក្នុងផ្ទះ និងជាប្រភេទគ្រាប់កែច្នៃ អាចបាញ់ជះសាចជាអំបែងមានសារធាតុគីមី ប្រឈមនិងហានិភ័យគ្រោះថ្នាក់បំផុតដល់ប្រជាពលរដ្ឋ បើប៉ះពាល់ដោយគ្រាប់កែច្នៃនេះ (បើមនុស្សវិញអាចបំបែកសាកសព)។
ក្នុងថ្ងៃជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ក្រោយធ្វើសកម្មភាពលួចមកនេសាទ នៅតំបន់ហាមឃាត់ នៃទ្វារទឹកតំបន់វារីអគ្គិសនីសេសានក្រោម២ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តជំនាញដកហូតបានមងប្រវែង៤០០ម៉ែត្រ ជំរៅ៧ម៉ែត្រ ក្រឡា១២សងទីម៉ែត្រ, កងដែកសរសៃ៧២, កំសួលមង២០។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕ FreshNews