រថភ្លើងថ្មី១គ្រឿង ត្រូវបានបញ្ជូនទៅដល់ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅកំពង់ផែ Laem Chabang ខេត្តឈុនបុរី។ នេះគឺជារថភ្លើងទី១ ក្នុងចំណោម ៣៥គ្រឿង ដែលថៃ បានទិញពីប្រទេសអាល្លឺម៉ង់។
ការទិញរថភ្លើងនេះ គឺដើម្បីគាំទ្រដល់ខ្សែរថភ្លើងក្រោមដីដែលមានប្រវែង ២១គីឡូម៉ែត្រក្នុងក្រុងបាងកក។ ឆាប់ៗខាងមុខ ខ្សែរថភ្លើងនេះ នឹងត្រូវពង្រីកដល់ប្រវែង ២៧គីឡូម៉ែត្រ ទៅខាងលិច និងខាងជើងក្រុងបាងកក។
ក្រុមហ៊ុនប្រតិបត្តិកររថភ្លើងក្រោមដី (MRT) បានបញ្ជាក់ថា រថភ្លើងថ្មីនេះ ត្រូវបានទិញពីក្រុមហ៊ុនអាល្លឺម៉ង់ Siemens ហើយដែលអាចប្រតិបត្តិការដល់ជាង ៣០ឆ្នាំ។ ទោះជាយ៉ាងណា តំណាងក្រុមហ៊ុន មិនបានទម្លាយតម្លៃនៃការទិញរថភ្លើងនេះទេ។
រថភ្លើងដែលនៅសេសសល់ប៉ុន្មានទៀត នឹងត្រូវបញ្ជូនទៅប្រទេសថៃទាំងអស់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២០ ដែលវានឹងធ្វើឱ្យរថភ្លើងកើនដល់ចំនួនសរុប ៥៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនតាមខ្សែរថភ្លើងក្រោមដីនេះ
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កន្លងទៅ កម្ពុជាទទួលបានរថភ្លើងមួយខ្សែរមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ៕