ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បានសម្រេចបញ្ជូនជនជាតិចិន០៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ PJ ហើយ ពាក់ព័ន្ធនឹងការនាំប្រាក់ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ សម្រេចបញ្ជូនជនជាតិចិនទាំង ០៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ PJ ហើយពាក់ព័ន្ធនឹងការនាំប្រាក់ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា រីឯវត្ថុតាងប្រាក់ដុល្លារអាមេរិកជាង៣លាន៥សែននោះ ត្រូវបានបញ្ជូនទៅធនាគារជាតិ ដើម្បីរក្សាទុកជាភស្តុតាង។
ជនជាតិចិនទាំង៣នាក់ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់៣លាន៥សែន២ម៉ឺនដុល្លារអាមេរិកនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជនសង្ស័យទាំង ០៣នាក់ គឺជាជនជាតិចិន នឹងធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើក។
លទ្ធផលនៃការសាកសួរនៅដំណាក់កាលនគរបាលបានបង្ហាញថា ជនសង្ស័យ២នាក់ គឺឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបានយកសាច់ប្រាក់សរុបចំនួន៣៥២០០០០ដុល្លារអាមេរិកចេញពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀត បានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។
ដោយឡែកជនសង្ស័យម្នាក់ទៀត គឺឈ្មោះ Zhang Jian បានផ្ដល់ចម្លើយថាខ្លួនគ្រាន់តែជាអ្នកមកទទួលឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao តាមការគ្រោងទុកប៉ុណ្ណោះ។
ផ្អែកតាមលទ្ធផលសាកសួរ និងការត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង៣រូបខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសន្និដ្ឋានថា ជនសង្ស័យឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបាននាំសាច់ប្រាក់ជាង៣លាន៥សែនដុល្លារនោះ ចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពហិរញ្ញវត្ថុច្បាស់លាស់ ដែលសង្ស័យជាការសម្អាតប្រាក់ប្រាកដមែន។ ចំណែក ឈ្មោះ Zhang Jian ក៏សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះដែរ៕