កាលពីវេលាម៉ោង៦ និង៤០នាទី ព្រលប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង និងបង្កឱ្យក្មេងម្នាក់បានទទួលរងរបួសទៀតផង ខណៈដែលប្រជាពលរដ្ឋបានព្យាយាមទូរស័ព្ទសុំអន្តរាគមន៍ពីលោកអធិការស្រុកដែរ
ប៉ុន្តែត្រូវបានលោកអធិការចុចបិទទូរស័ព្ទ ទីបំផុត ទម្រាំបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅដល់ទីតាំងកើតហេតុ ភ្លើងបានឆេះផ្ទះខ្ទេចអស់ល្មម ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ បានចេញពីផ្ទះកើតហេតុខាងលើ រួចក៏កើតជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងឆាប់រហ័ស និងត្រូវម្ចាស់ផ្ទះស្រែកឆោឡោហៅគេឯងឱ្យជួយ ដោយប្រាប់ថា កូនប្រុសតូចរបស់គាត់ម្នាក់ បានជាប់នៅក្នុងផ្ទះ ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងនាំគ្នាសម្រុកចូលជួយសង្គ្រោះក្មេងប្រុសរងគ្រោះ ចេញពីអណ្តាតភ្លើងបានភ្លាមៗ មិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសដោយសារការរលាកភ្លើងប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា អ្វីដែលជារឿងដ៏គួរឱ្យហួសចិត្តបំផុតនោះ គឺនៅពេលកើតមានហេតុការណ៍គ្រោះអគ្គិភ័យភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់ខលទូរស័ព្ទ ទៅលោកស៊ុន អេង ដែលជាអធិការនគរបាលស្រុកស្វាយលើ ភ្លាមៗដែរ
ដើម្បីសុំអន្តរាគមន៍ពីលោកឱ្យបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ប៉ុន្តែពេលទូរស័ព្ទចូល ស្រាប់តែត្រូវលោកចុចបិទទូរស័ព្ទ ឮតែសំឡេងឆ្លើយតបថា ទូរស័ព្ទដែល “លោកអ្នកបានហៅ កំពុងជាប់រវល់” ទៅវិញ មិនដឹងថា លោកអធិការរវល់កិច្ចការងារអ្វី សំខាន់ជាងអាយុជីវិតប្រជាពលរដ្ឋនោះទេ… ឬក៏រវល់ជួបជាមួយស្រីស្នេហ៍?។
ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយកើតហេតុមួយសន្ទុះ ទើបឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាល ស្រុកស្វាយលើ បានចុះមកដល់ ប៉ុន្តែទម្រាំឡានទឹកមកដលភ្លើងបានឆេះបំផ្លាញផ្ទះ១ខ្នងខាងលើ ខ្ទេចអស់ល្មម ទើបឡានទឹកមកបាញ់ផេះលេង។
ជុំវិញការលើកឡើងខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕