ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង នឹងសម្តីលោកទិត្យ សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានយកការរអ៊ូរទាំ របស់ប្រជាពលរដ្ឋ ទាក់ទិននឹងការដាច់ភ្លើង ទៅប្រៀបធៀបនឹងសម័យប៉ុល ពត ថាគ្មានភ្លើង និងមេឃក្តៅហែង ហេតុអ្វីបានប្រជាពលរដ្ឋរស់បាន?
យ៉ាងណា ជុំវិញការផ្ទុះប្រតិកម្មនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំការខន្តី និងអធ្យាស្រ័យពីមហាជន ប្រសិនបើសម្តីរបស់លោកទិត្យ សុធា មានការថ្នាំងថ្នាក់ និងប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។
លោកថា លោកទិត្យ សុធា មិនមានបំណងមាក់ងាយ ដល់ការរអ៊ូ របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែគ្រាន់តែលោក ចង់ឲ្យយក បទពិសោធន៍ ដែលបានឆ្លងកាត់ពីអតីតកាល ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចប្បន្ន។
សូមបញ្ជាក់ថា លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរលើហ្វេសប៊ុកកាលពីល្ងាច ថ្ងៃទី២៥ ខែមេសា ថា សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ
គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហារ គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក៕